
នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥, ក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំពិធី ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ។
កម្មវិធីនេះនឹងត្រូវចាប់ផ្តើមដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០២៦ ជាមួយគ្រួសារគោលដៅសរុបចំនួន ៥ ០០០ គ្រួសារ និងបន្តពង្រីកវិសាលភាព ជាជំហានៗ ដោយក្នុងរយៈពេល ១០ ឆ្នាំ ខាងមុខ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៦, កម្មវិធីនេះមានគោលដៅជំរុញគ្រួសារគោលដៅសរុបប្រមាណ ២០ ម៉ឺនគ្រួសារ ឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ ដោយក្នុងរយៈពេល២៤ ខែ នៃការចូលរួមកម្មវិធី គ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នា ចំនួន ៤ សំខាន់ៗ រួមមាន៖ ១. ការបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត, ២. ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល និងបង្វឹក, ៣. ការផ្តល់ប្រាក់ដើមទុនសម្រាប់ទិញទ្រព្យសកម្ម, និង ៤. ការចុះសួរសុខទុក្ខ និងបង្វឹកតាមខ្នងផ្ទះ។
ផ្អែកតាមការចង្អុលបង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី ១ និង ក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥, រាជរដ្ឋាភិបាល បានរៀបចំដាក់ឱ្យអនុវត្ត «កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» ក្នុងគោលបំណងកសាងសមត្ថភាព និងភាពធន់ ព្រមទាំងលើកកម្ពស់ជីវភាពរបស់គ្រួសារគោលដៅ។ កម្មវិធីនេះ នឹងក្លាយជាគន្លងថ្មីមួយ សម្រាប់គ្រួសារគោលដៅ ក្នុងដំណើរឆ្ពោះទៅការចាកចេញពីភាពក្រីក្រ ជាជំហានៗ និងប្រកបដោយចីរភាព ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាមចក្ខុវិស័យដ៏ពិសិដ្ឋ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ពោលគឺ «ការបង្រៀនពលរដ្ឋស្ទូចត្រី បន្ថែមលើការផ្តល់ត្រីដល់ពួកគាត់»។

លោកជំទាវ កន្នី វិញ៉ារ៉ាចា (Kanni Wignaraja) បានមានប្រសាសន៍នៅក្នុងចំណាប់អារម្មណ៍ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រថា លោកជំទាវពិតជាមានមោទនភាព ក្នុងការគាំទ្ររាជរដ្ឋាភិបាល សម្រាប់ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងកិច្ចគាំពារសង្គមដើម្បីចាកចេញពីភាពក្រីក្រ រហូតឈានដល់ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនេះ នៅថ្ងៃនេះ។ UNDP នឹងនៅតែបន្តការគាំទ្រជានិច្ច ក្នុងការពង្រីកវិសាលភាពនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសក្នុងការជំរុញគ្រួសារគោលដៅឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ។ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការអភិវឌ្ឍលើមូលធនមនុស្ស, លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ, និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងភាពធន់របស់ពលរដ្ឋទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ក្នុងសុន្ទរកថាគន្លឹះថា «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» នាពេលនេះ សរបញ្ជាក់ឱ្យកាន់តែច្បាស់អំពីការប្តេជ្ញាចិត្តថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមនុស្ស, ការលើកកម្ពស់ជីវភាពពលរដ្ឋ, ការកាត់បន្ថយភាពក្រីក្រ, រួមទាំងការកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈប្រព័ន្ធគាំពារសង្គម នៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ UNDP ចំពោះភាពជាដៃគូក្នុងការផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស ការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងបានផ្ដល់អនុសាសន៍សំខាន់ៗចំនួន២ គឺ ១. អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម បន្តសម្របសម្រួល និងសហការស្អិតល្មួត ជាមួយក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, និងដៃគូពាក់ព័ន្ធ, និង ២. មូលនិធិជាតិជំនួយសង្គម ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាព្យាបាលបច្ចេកទេស, ព្រមទាំងក្រសួងផែនការ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រីពាក់ព័ន្ធជាប្រចាំ ដើម្បីធានាថាការអនុវត្តកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕







