សៀមរាប៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីកាត់ឫសសីមាព្រះវិហារវត្តកេតកន្យារាម ហៅវត្តបន្ទាយក្ដី នាថ្ងៃព្រហស្បតិ៍ ទី ១១ ខែធ្នូ ឆ្នាំ ២០២៥។ ព្រះវិហារថ្មីសន្លាងមួយ នៅខេត្តសៀមរាប

ក្នុងវរោកាសនេះ សម្តេចមហាមន្ត្រី បានរំឭកនូវគុណូបការៈ នៃវត្តអារាមដូច្នេះថា វត្តអារាមព្រះពុទ្ធសាសនា មានតួនាទី ភារកិច្ចយ៉ាងសំខាន់ក្នុងការរួមចំណែកជួយទ្រទ្រង់សង្គមជាតិ ដោយវត្តអារាមបានដើរតួនាទីជាមជ្ឈមណ្ឌលអប់រំផ្ដល់ចំណេះដឹង ទំនៀមទម្លាប់ប្រពៃណី ដែលត្រូវបានរក្សារហូតមកដល់បច្ចុប្បន្ន។

មិនត្រឹមតែជាកន្លែងផ្ដល់នូវចំណេះដឹង និងអប់រំផ្នែកសីលធម៌នោះទេ, វត្តអារាមក៏ជានិមិត្តរូបនៃការរួបរួមសាមគ្គី នៃប្រជាជាតិខ្មែរផងដែរ។ តាមព្រះថេរដីកាសម្ដេចព្រះពុទ្ធាចារ្យ ទូច សុខវោហា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ ព្រះរាជតំណាងសម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី ប៊ូ គ្រី សម្ដេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ ព្រះវិហារវត្តកេតកន្យារាម ហៅវត្តបន្ទាយក្ដី មានទំហំ ១៧.៨x២០.៨ ម៉ែត្រ តួព្រះវិហារទំហំ ៩x១២ ម៉ែត្រ សង់ពីឈើប្រក់ក្បឿង តម្កល់លើខឿនបេតុងកម្ពស់ ១.៣ ម៉ែត្រ ចំណាយថវិកាសាងសង់ចំនួន ១៦០ ០០០ ដុល្លារសហរដ្ឋអាមេរិក។ វិហារនេះ រចនាប្លង់ដោយអាជ្ញាធរអប្សរា និងចំណាយពេលសាងសង់ ៨ ឆ្នាំ ដោយចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០១៨។

សូមជម្រាបថា វត្តកេតកន្យារាម ហៅវត្តបន្ទាយក្ដី ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ជាប់ខ្លោងទ្វារខាងលិច នៃប្រាសាទតាព្រហ្ម ខាងក្រោយប្រាសាទបន្ទាយក្ដី។ វត្តនេះកសាងឡើងនៅ ឆ្នាំ ១៩៩៧ ដោយព្រះរាជតម្រិះ និងព្រះរាជូបត្ថម្ភផ្ទាល់ របស់សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី ប៊ូ គ្រី និងទទួលបានព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោធ៕

Share.