រាជធានីភ្នំពេញ — ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបញ្ចប់សិក្ខាសាលាថ្នាក់ជាតិ ស្តីពី យុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ដែលរៀបចំនៅសណ្ឋាគារ Sun & Moon Riverside ជាមួយការសហការពីអង្គការ Vital Strategies, OIF និង CPDD។

ពិធីបិទត្រូវបានអធិបតីភាពដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកអត្តសញ្ញាណកម្ម បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមចុចអាន៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកសិក្ខសាលាថ្នាក់ជាតិស្ដីពីយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្ដូរឥរិយាបថក្នុងសង្គម ដើម្បីព្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា

សិក្ខាសាលានេះមានអ្នកចូលរួមសរុប ១០៧ រូប ក្នុងនោះមាន ស្រី ៣២ រូប រួមទាំងតំណាងក្រសួង–ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី–ខេត្ត អង្គការជាតិ–អន្តរជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការចុះបញ្ជីអត្រានុកូលដ្ឋាន កំណើត មរណភាព អាពាហ៍ពិពាហ៍ ដែលជាគ្រឹះសំខាន់សម្រាប់ការផ្តល់សេវារដ្ឋបាល សុខភាព ការការពារសង្គម និងឱកាសការងារ។

ក្នុងឱកាសបិទសិក្ខាសាលា ឯកឧត្តម សាយ ម៉េងឈាង បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ Vital Strategies, OIF និង CPDD សម្រាប់ការគាំទ្រកម្មវិធីនេះ និងសរសើរចំពោះកិច្ចសហការរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធក្នុងការកែទម្រង់ប្រព័ន្ធអត្តសញ្ញាណកម្ម និងការចុះបញ្ជីអត្រានុកូលដ្ឋាន។

ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលសិក្ខាសាលាបានរួមចំណែកសំខាន់ក្នុងការកំណត់ចក្ខុវិស័យរួមសម្រាប់ការកែលម្អការចុះបញ្ជី និងស្ថិតិអត្រានុកូលដ្ឋាន ពិសេសក្នុងការត្រៀមអនុវត្ត ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានអេឡិចត្រូនិក នៅរាជធានីភ្នំពេញ នៅត្រីមាសទី១ ឆ្នាំ២០២៦ និងក្នុងការស្វែងយល់ពីបទពិសោធន៍ បញ្ហាប្រឈមក្នុងការសាកល្បងយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថក្នុងសង្គម។

Share.