មនុស្សយ៉ាងតិច ៣០ នាក់ រួមទាំងអ្នកជំងឺផងដែរ បានស្លាប់ នៅពេលដែលការវាយប្រហារផ្លូវអាកាសរបស់យោធាបានវាយប្រហារចំមន្ទីរពេទ្យធំមួយនៅក្នុង រដ្ឋរ៉ាឃីន (Rakhine state) ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សាក្សី និងបុគ្គលិកសង្គ្រោះកាលពីថ្ងៃព្រហស្បតិ៍។

មនុស្សជាង ៧០ នាក់ ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រាប់បែកបានវាយប្រហារចំ មន្ទីរពេទ្យទូទៅ ម្រុកយូ (Mrauk U General Hospital) កាលពីយប់ថ្ងៃពុធ។ កាយវាយប្រហារផ្លូវអាកាសនេះបានបណ្ដាលឱ្យហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យត្រូវបាន បំផ្លាញទាំងស្រុង ដែលធ្វើឱ្យក្រុមអ្នកជួយសង្គ្រោះពិបាកក្នុងការស្វែងរកអ្នករស់រានមានជីវិតនៅក្រោមគំនរបាក់បែក។



កងទ័ពអារ៉ាកាន់ (Arakan Army – AA) ដែលគ្រប់គ្រងតំបន់ភាគច្រើន និងកំពុងប្រយុទ្ធជាមួយក្រុមប្រឹក្សាយោធា (Junta) បានបញ្ជាក់ថា មន្ទីរពេទ្យនេះត្រូវបានវាយប្រហារដោយផ្ទាល់។ អ្នកនាំពាក្យរបស់ខ្លួនបាននិយាយថា អគារបានដួលរលំភ្លាមៗដោយសារតែកម្លាំងវាយប្រហារខ្លាំងពេក។
ក្រុមប្រឹក្សាយោធាមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ ទោះបីជារូបភាពនៃការបំផ្លិចបំផ្លាញ និងសាកសពដែលដេកនៅលើដីត្រូវបានផ្សព្វផ្សាយតាមអនឡាញក៏ដោយ។
ការវាយប្រហារនេះបានកើតឡើង ខណៈដែលប្រទេសមីយ៉ាន់ម៉ានៅតែបន្តប្រឈមមុខនឹងជម្លោះដ៏តានតឹង បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត។

មន្ទីរពេទ្យដែលរងការវាយប្រហារមានទំហំ ៣០០ គ្រែនេះ ផ្ទុកពេញទៅដោយអ្នកជំងឺ ដោយសារតែសេវាថែទាំសុខភាពភាគច្រើននៅក្នុងរដ្ឋរ៉ាឃីនត្រូវបានបិទទ្វារកំឡុងពេលមានការប្រយុទ្ធ។ ហេតុដូច្នេះហើយ ការវាយប្រហារនេះបានបណ្តាលឱ្យមាន ការស្លាប់ដ៏ធំ ដោយបុគ្គលិកសង្គ្រោះបានពណ៌នាថា មានភាពចលាចលខ្លាំង ចំណែកអ្នកជំងឺដែលនៅសេសសល់ត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព។

ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ក្រុមប្រឹក្សាយោធាបានពឹងផ្អែកកាន់តែខ្លាំងឡើងលើការវាយប្រហារផ្លូវអាកាស ដោយបានធ្វើប្រតិបត្តិការវាយប្រហារជាង ២.១០០ដង នៅក្នុងឆ្នាំនេះតែឯង ដែលលើសពីចំនួនសរុបនៃឆ្នាំមុន។
បើនិយាយពីការគ្រប់គ្រងលើទឹកដីក្នុងប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន កងទ័ពអារ៉ាកាន់ (AA) បានដណ្តើមបានទឹកដីយ៉ាងច្រើន ចាប់តាំងពីបទឈប់បាញ់បានដួលរលំនៅឆ្នាំ ២០២៣ ដោយបានរុញច្រានយោធាចេញពីទីប្រជុំជនភាគច្រើននៃរដ្ឋរ៉ាឃីន។ ទីក្រុង ម្រុកយូ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ កងទ័ពអារ៉ាកាន់ អស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយ មិនមានការប៉ះទង្គិចគ្នា នៅក្នុងតំបន់នោះនាពេលថ្មីៗនេះទេ។ ការវាយប្រហារនេះ បានបង្កើនការព្រួយបារម្ភជាថ្មីអំពីយុទ្ធសាស្ត្រទ័ពនិង ការមិនគោរពចំពោះទីកន្លែងស៊ីវិល របស់ក្រុមយោធា៕

