ទោះបីជាសភាត្រូវបានរំលាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ នេះក៏ដោយ ប៉ុន្តែរដ្ឋាភិបាលចាំផ្ទះថៃ ក្រោមការដឹកនាំដោយនាយកណ្ដុរ អនុទិន នៅតែបន្តអនុវត្តភារកិច្ចរបស់ខ្លួនក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនខ្លួនដោយមានសិទ្ធិអំណាចពេញលេញតាមច្បាប់ប្រទេស។

ទង្វើដែលមានបង្កប់ល្បិចនៅពីក្រោយខ្នងរបស់ថៃនេះ ត្រូវបានអ្នកវិភាគយល់ឃើញថា តាមពិតជាយុទ្ធសាស្ត្រ ដែលរដ្ឋាភិបាលស៊ីវិលថៃ នាយរដ្ឋមន្ត្រីចាំផ្ទះ អនុទីន ហុចកុងតាក់បញ្ជាទៅឱ្យក្រុមទ័ពអាចចូលមកក្ដោបក្ដាប់ការងារក្នុងប្រទេសដោយស្របច្បាប់ ហើយគ្មានភាគីណាហ៊ានចេញមុខមកជំទាស់ប្រឆាំងបានថែមទៀត ព្រោះពួកគេយកទំនាស់ព្រំដែន ជាមួយកម្ពុជាជាលេសរួចស្រេចទៅហើយ។ ត្បិតជាទង្វើល្មើសច្បាប់អន្តរជាតិ តែអនុទិន ចង់ប្រើឱកាសនេះទាញយកប្រជាប្រិយភាពផង និង បង្កើនទំនាក់ទំនងស្អិតជាមួយទ័ពកាន់តែខ្លាំងផង ដើម្បីជួយឱ្យបក្សរបស់ខ្លួនកាន់តែមានអំណាចរឹងមាំ។

ថ្មីៗនេះ ខណៈដែលកងយោធាថៃ កំពុងតែឈ្លានលើដែនអធិបតេយ្យកម្ពុជា ប្រើប្រាស់យន្តហោះចម្បាំង ផ្ដាច់ស្ពាន ទម្លាក់គ្រាប់លើអគារ និង ទីប្រជុំជន មន្ទីរពេទ្យជាដើមនោះ ប្រភពសារព័ត៌មានថៃជាច្រើនបានស្រង់សម្ដីលោកឧត្តមសេនីយ៍ឯក ប្រាផាស សុនជៃឌី នាយកមជ្ឈមណ្ឌលសារព័ត៌មានរួមស្តីពីស្ថានភាពថៃ-កម្ពុជា ដែលបាន លើកឡើងថា ទោះបីជាសភាត្រូវបានរំលាយចោលនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដោយ រដ្ឋាភិបាលនៅតែបន្តដំណើរការងារលើកិច្ចការថែរក្សាសន្តិសុខជាតិ និងបានប្រគល់សិទ្ធិអំណាចដល់យោធាពេញលេញក្នុងការត្រួតពិនិត្យសន្តិសុខជាតិតាមច្បាប់ និងការពារប្រជាជនថៃជាបន្តបន្ទាប់។ ចំពោះការលើកឡើងរបស់មេយោធាថៃផ្នែកព័ត៌មានព្រំដែនកម្ពុជា ថៃ នេះ គឺជាអ្វីដែលអ្នលវិភាគភូមិនយោបាយ ថៃ បានព្យាករណ៍ និង មើលឃើញរួចស្រេចដូចបានលើកឡើងពីខាងដើម។

ឧត្តមសេនីយ៍ឯក ប្រាផាស សុនជៃឌី បាននិយាយចោទប្រកាន់កម្ពុជា ដើម្បីលាងទង្វើឈ្លាន និង បោកប្រជាជន​ថៃ​ខ្លួនឯងទាំងងងើលថា ស្ថានភាពព្រំដែនមានភាពតានតឹងដោយសារតែការឈ្លានពាន និងការវាយប្រហាររបស់កម្ពុជាលើតំបន់ជាច្រើនក្នុងប្រទេសថៃ។ ដូច្នេះ យោធាថៃ ត្រូវអនុវត្តសិទ្ធិការពារខ្លួនក្រោមច្បាប់ថៃ និងអន្តរជាតិ ដោយមានគោលបំណងបញ្ចប់ការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងរក្សាអធិបតេយ្យភាពជាតិ ក្នុងកម្រិតអតិបរមាដែលអាចធ្វើទៅបាន និងតាមការចាំបាច់។ រដ្ឋាភិបាលថៃ និងយោធាថៃបញ្ជាក់ថា ពួកគេនៅតែបន្តបញ្ជា និងធ្វើប្រតិបត្តិការក្រោមសិទ្ធិអំណាចពេញលេញតាមច្បាប់របស់ពួកគេ ដោយប្រើច្បាប់អាជ្ញាសឹកនៅតំបន់ព្រំដែនមានប្រសិទ្ធភាពក្រោមច្បាប់សន្តិសុខថៃ ។

ភាសានេះហាក់បីដូចជាបង្ហាញថា យោធាថៃនៅតែបន្តបើកការប្រយុទ្ធមកលើកម្ពុជាដោយមិនខ្វល់ពីរដ្ឋាភិបាលដឹកនាំប្រទេស ព្រោះអាងតែផ្ទៃក្នុងយោធាមានអំណាចរឹងជាងរដ្ឋាភិបាល និងបានយកលេសគ្រប់សព្វបែបយ៉ាងដើម្បីហែកសន្តិភាពចោល។ ពិតណាស់ បើស្ដាប់តាមសម្ដី មេទាហានឃ្លានសង្គ្រាម ថៃ ខាងលើគឺ និយាយដោយភ្លេចគិតថា កម្ពុជា បច្ចុប្បន្នកំពុងវាយលើទឹកដីខ្លួន និង ការពារដែនអធិបតេយ្យខ្លួនហើយដោយភាពចាំបាច់ ដើម្បីការពារអាយុជីវិត និងការឈ្លានពានពីភាគីថៃ ទើបប្រើសិទ្ធិការពារខ្លួននៅលើទឹកដីខ្លួន មានតែកងយោធា ថៃ ប៉ុណ្ណោះដែលបន្តរុលចូលមកលើទឹកដីកម្ពុជា ទើបមានសពកងទ័ពថៃ ជាច្រើនដែលបានមកស្លាប់ចោលឆ្អឹងលើដីខ្មែរជាភស្តុតាងស្រាប់។

គួររំលឹកថា គិតមកទល់ព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥នេះ បើទោះបីជាមេដឹកនាំថៃបានប្រកាសទាំងមិនរអាមាត់ដាក់ប្រធានាធិបតី ដូណាល់ ត្រាំ ថា ពួកគេបានគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព ២៦ តុលា យ៉ាងខ្ជាប់ខ្ជួន ប៉ុន្តែយោធាថៃនៅតែបន្តប្រយុទ្ធ ប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២ គ្រឿងទម្លាក់គ្រាប់បែកចំនួន ៧ គ្រាប់នៅភូមិសាស្រ្តឃុំ ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបណ្ដាលឱ្យខូចខាតអគារ ស្ពានថ្នល់ ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាយ៉ាងធ្ងន់៕

Share.