ក្លិបបាល់ទាត់គិវីវង់សុខសែនជ័យ ស្រាយបំភ្លឺជុំវិញលទ្ធផលនៃការស៊ើបអង្កេតរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) លើការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ។

ដោយនៅថ្ងៃទី១២ ខែធ្នូ ក្លិបទទួលបានលិខិតផ្លូវការពីក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បញ្ជាក់ពីលទ្ធផលនៃការស៊ើបអង្កេតយ៉ាងហ្មត់ចត់បំផុតមួយ។

លិខិតរបស់ CPL បានបញ្ជាក់ថា៖

“ដោយយោងទៅលើ ការសង្កេតអំឡុងពេលប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមក ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានធ្វើការពិនិត្យយ៉ាងហ្មត់ចត់ចំពោះ ករណីនេះ តាមរយៈវីដេអូនៃការប្រកួត របាយការណ៍អាជ្ញាកណ្តាល របាយការណ៍ស្នងការប្រកួត ការប្រឹក្សាជាមួយមេធាវី បាល់ទាត់ ការស៊ើបអង្កេតផ្ទៃក្នុង សុចរិតភាព និងរបាយការណ៍វិភាគទម្រង់នៃការប្រកួតពី Genius Sports (ជាដៃគូ ផ្នែកសុចរិតភាព) និងឯកសារភស្តុតាងដែលពាក់ព័ន្ធ។”

លិខិតរបស់ CPL នេះបានបញ្ជាក់បន្ថែមថា ក្រោយការស៊ើបអង្កេតដ៏ហ្មត់ចត់នេះ ការសន្និដ្ឋានគឺ៖

▶️“ករណីនេះមិនមែនជាការរំលោភលើសុចរិតភាពនៃការប្រកួត ឬបទប្បញ្ញត្តិនៃការប្រកួតនោះទេ។”

សេចក្តីបញ្ជាក់នេះ បានបង្ហាញយ៉ាងច្បាស់ថា មិនមានពាក់ព័ន្ធនឹងការកំណត់លទ្ធផលប្រកួត (Match Fixing) អំពើពុករលួយ ឬការរៀបចំទុកជាមុនណាមួយឡើយ ដែលនេះជាចំណុចសំខាន់ក្នុងការរក្សានូវកិត្តិយស និងសុចរិតភាពរបស់ក្លិប។

ទន្ទឹមនឹងការប្រកាសលទ្ធផលនេះ ក្លិបគិរីវង់សុខសែនជ័យ ក៏សូមទទួលស្គាល់នូវការណែនាំ និងការព្រមានរបស់ CPL ពាក់ព័ន្ធនិងចំណុចខ្វះខាតលើបច្ចេកទេស ការតាំងចិត្ត និងស្មារតីប្រកួតប្រជែងនៅក្នុងការប្រកួតនោះ។

ក្លិបគិរីវង់សុខសែនជ័យ ប្តេជ្ញាថានឹង៖

១.ពង្រឹងវិន័យក្រុម និងយុទ្ធសាស្ត្រនៃការប្រកួត។

២.ធានាថាការប្រកួតបន្តបន្ទាប់ កីឡាករទាំងអស់នឹងប្រកួតឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្ត។

៣.ប្រកាន់ខ្ជាប់នូវគោលការណ៍ Fair Play និងវិជ្ជាជីវៈខ្ពស់បំផុត។

យើងខ្ញុំសូមថ្លែងអំណរគុណដល់ CPL ដែលបានផ្តល់ភាពយុត្តិធម៌តាមរយៈការស៊ើបអង្កេតដ៏ត្រឹមត្រូវនេះ និងសូមអរគុណដល់អ្នកគាំទ្រដែលតែងតែគាំទ្រក្លិប៕

Share.