បាត់ដំបង÷ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត បានជំរុញដល់ក្រុមការងារគណៈបញ្ជាការឯកភាព ត្រូវប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោងដើម្បីត្រៀមដោះស្រាយបញ្ហាប្រឈមនានាជួយប្រជាពលរដ្ឋភៀសសឹក។

នៅក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋភៀសសឹកចំនួន ៤ ទីតាំង ក្នុងខេត្តបាត់ដំបងសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានមានប្រសាសន៍សួរសុខទុក្ខនាំការផ្តាំផ្ញើររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋជនភៀសសឹករងគ្រោះទាំងអស់ដែលរងការលំបាកជាច្រើនដោយសារសង្គ្រាមឈ្លានពានពីប្រទេសថៃ។

សម្ដេច បានថ្លែងកោតសរសើរ និងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក៏ដូចជាសប្បុរសជននានាដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះពីការឈ្លានពានរបស់ប្រទេសជិតខាង មកកាន់កន្លែងមានសុវត្ថិភាព ព្រមទាំងបានរៀបចំកន្លែងស្នាក់នៅ ផ្គត់ផ្គង់អាហារ សម្ភារៈប្រើប្រាស់ និងថែរក្សាអនាម័យជូនប្រជាពលរដ្ឋបានល្អ។

សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើឱ្យប្រជាពលរដ្ឋដែលជាជនភៀសសឹកជឿជាក់លើរាជរដ្ឋាភិបាល ដែលមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ។ ជាមួយនេះសម្ដេចក៏បានស្នើឱ្យប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពត្រូវថែរក្សាអនាម័យ ថែរក្សាសុខភាព ហើយបើមានកិច្ចការអ្វីត្រូវទំនាក់ទំនងជាមួយគណៈបញ្ជាការឯកភាព ដែលកំពុងប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ចាប់ពីថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥នេះប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កើនដល់ចំនួន ១០.៣៣៩គ្រួសារ ស្មើមនុស្សរាយ ចំនួន ៣៣.៣០០នាក់បានស្នាក់អាស្រ័យនៅក្នុងមណ្ឌលសុវត្ថិភាពដែលរដ្ឋបាលខេត្ត ស្រុករៀបចំជូន៕

អត្ថបទ: ដំបងក្រញូង

Share.