ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យជ្រាបថា ក្រសួងការពារជាតិ បានសង្កេតឃើញបណ្តាញសារព័ត៌មាន និងប្រភពផ្លូវការរបស់ភាគីថៃ មួយចំនួន បានផ្សព្វផ្សាយព័ត៌មានចោទប្រកាន់មកលើកម្ពុជា ថា កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ ឬបំពានលើច្បាប់ និងអនុសញ្ញាអន្តរជាតិ។

ចំពោះការផ្សព្វផ្សាយបែបនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធចោលទាំងស្រុង ដោយចាត់ទុកថាជាព័ត៌មានក្លែងក្លាយ និងបំភ្លៃខុសការពិត។ ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការធ្វើដំណើរចេញ-ចូល តាមច្រកទ្វារព្រំដែនគោក និងផ្លូវទឹក ដែលជាប់ព្រំដែនកម្ពុជាជាមួយថៃ តែប៉ុណ្ណោះនៅតំបន់ដែលកំពុងមានភាពតានតឹង ក្នុងគោលបំណងការពារអាយុជីវិត និងសុវត្ថិភាពរបស់ជនស៊ីវិល ពីការបាញ់ប្រហារដោយមិនរើសអើងនៅតាមបណ្ដោយព្រំដែន។ ការផ្អាកនេះ មិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស និងច្រកទ្វារព្រំដែនដែលគ្មានភាពតានតឹង ឬច្រកទ្វារព្រំដែនកម្ពុជាជាប់ជាមួយប្រទេសផ្សេងឡើយ។

ក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ កម្ពុជា តែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងផ្តល់អាទិភាពខ្ពស់បំផុតដល់ការថែរក្សាសុខសុវត្ថិភាព និងការពារអាយុជីវិតជនស៊ីវិល មិនថាជាពលរដ្ឋខ្មែរ ឬជនបរទេស រួមទាំងប្រជាជនថៃដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានេះ កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីស្វែងរកដំណោះស្រាយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
កម្ពុជា ក៏សង្ឃឹមផងដែរថា ភាគីថៃ នឹងគោរព និងអនុវត្តតាមសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលភាគីទាំងពីរ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដូចដែលកម្ពុជាបានអនុវត្តជានិច្ច៕

