រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ប៊ុន ពុទ្ធី បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នេះថា មានអង្គភាពសារព័ត៌មានជាច្រើន បានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន មានការប្រុងប្រយ័ត្នក្នុង ការប្រើប្រាស់ពាក្យពេចន៍ រូបភាព និងការការពារអត្តសញ្ញាណជនរងគ្រោះ ដែលការណ៍នេះគឺជាវឌ្ឍនភាព ដ៏គួរឱ្យកត់សម្គាល់។

ប៉ុន្តែទន្ទឹមនឹងនេះ រដ្ឋលេខាធិការក្រដសួងកិច្ចការនារី បានថ្លែងទទួលស្គាល់ថាបញ្ហាប្រឈមនៅ តែមាន ដោយនៅក្នុងលំហបណ្ដាញសង្គម ការប្រណាំងប្រជែងដើម្បីទទួលបានការចាប់អារម្មណ៍ ឬ «Likes និង Views» បានធ្វើឱ្យអ្នកផលិតមាតិកា និងអ្នកសារព័ត៌មានអនឡាញ មួយចំនួនតូចភ្លេចខ្លួន ឬព្រងើយកន្តើយនឹងក្រមសីលធម៌។ តំណាងក្រសួងកិច្ចការនារីបន្តថា គេនៅតែឃើញមានការផ្សាយ រូបភាពផ្ទាល់ (Live) នៅកន្លែងកើតហេតុដោយគ្មានការបិទបាំង ការប្រើប្រាស់ចំណងជើង ដែលស្តីបន្ទោសជនរងគ្រោះ ឬការសម្ភាសន៍ដែលប៉ះពាល់ដល់ផ្លូវចិត្តជនរងគ្រោះ និងក្រុមគ្រួសារ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ស្លេះ អាល់ហ្វីន អុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា បន្ថែមលើ ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មាន អំពើហិង្សាលើស្ត្រី ក្រសួងព័ត៌មានបានដាក់ឱ្យប្រើប្រាស់ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នៅខែសីហា ឆ្នាំ២០២៤ ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ និងជានិយាមអប្បបរិមាសម្រាប់សកម្មភាពផ្សព្វផ្សាយក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ ឯកឧ្តមបានគូសបញ្ជាក់បន្ថែមថា នៅក្នុងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ផ្នែកទី៤ ស្តីពីគណនេយ្យភាពសង្គម ចំណុចទី១៣ បានចែងថា « អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ មិនត្រូវឆ្លៀតឱកាសកេងចំណេញលើភាពទន់ខ្សោយ ភាពងាយរងគ្រោះ អសមត្ថភាពផ្លូវចិត្ត ឫរាងកាយរបស់បុគ្គលណាម្នាក់ឫក្រុមណាមួយដើម្បីផ្សព្វផ្សាយ មិនត្រូវប្រើពាក្យរិះគន់ ឫបណ្តុះបង្អាប់ប៉ះពាល់ដល់ជនមានពិការភាព តម្លៃស្ត្រីនិងកុមារ អ្នកជំងឺផ្លូវកាយនិងផ្លូវចិត្តជាដើម» នេះគឺជាការទទួលខុសត្រូវលើផ្នែកសង្គមរបស់អ្នកសារព័ត៌មាន។

អុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហាញពីក្ដីបារម្ភផងដែរ ដោយសារបច្ចុប្បន្ននេះ ខណៈវិស័យបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យា នៃប្រព័ន្ធផ្សព្វផ្សាយកាន់តែរីកចម្រើន ដែលមួយផ្នែកបានជួយលើការងារផលិតកម្ម ការច្នៃប្រឌិត និងនវានុវត្ត, មួយផ្នែកទៀតបានបង្កជាបញ្ហាប្រឈមដូចជាការកើនឡើងនៃព័ត៌មានក្លែងក្លាយគ្រប់ប្រភេទ ពាក្យសម្អប់ ការបណ្តុះបង្អាប់អនឡាញ (Cyberbully) និងការរើសអើង ដែលផ្តល់ផលជះអវិជ្ជមានដល់បុគ្គល គ្រួសារ និងសង្គមជាតិ ជាពិសេសប៉ះពាល់ដល់សិទ្ធិនិងតម្លៃរបស់ស្ត្រី។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដូចជា Deepfake បានក្លាយជាបញ្ហាកាន់តែស្មុគស្មាញក្នុងការទទួលបានព័ត៌មានពិតត្រឹមត្រូវ។ ហើយក្រុមស្ត្រីនិងក្មេងស្រី កំពុងស្ថិតក្នុងក្រុមងាយរងគ្រោះពីបញ្ហាទាំងនេះ។

ដើម្បីឱ្យអ្នកសារព័ត៌មានផ្លាស់ប្តូរពីការរាយការណ៍បែប អារម្មណ៍និយម មកជា ការរាយការណ៍បែប វិជ្ជាជីវៈ និងយេនឌ័រ គេត្រូវការយុទ្ធសាស្ត្រដែលច្បាស់លាស់។ លោកជំទាវ ប៊ុន ពុទ្ធី បានលើកឡើងនូវចំណុចគន្លឹះដូចមួយចំនួនរួមមាន៖ ១.បន្តការពង្រឹងសមត្ថភាព, ២.បង្កើតយន្តការលើកទឹកចិត្ត និងការទទួលខុសត្រូវ, ៣.ការសហការជាមួយអ្នកផលិតមាតិកាអនឡាញ៖ ក្រុមការងារបណ្តាញសង្គមរបស់ ក្រសួងចំនួន ២៥រូប ដែលមានតួនាទីសំខាន់ណាស់ក្នុងការធ្វើជាគំរូ និងផ្សព្វផ្សាយសារ អប់រំ, និង៤ បណ្ដុះបណ្ដាល បញ្ជ្រាបចំណេះដឹង ពាក់ព័ន្ធនឹងក្របត្រិបត្តិនេះ ដល់សិស្ស-និស្សិតផ្នែកប្រពន្ធផ្សព្វផ្សារ និងសារព័ត៌មាន ដែលជាអនាគតនៃវិស័យសារព័ត៌មានកម្ពុជា។

សូមជម្រាបថា ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បានដាក់ចេញ ប្រកាសរួមស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី ដើម្បីទប់ស្កាត់ការយកករណីហិង្សាលើស្ត្រីធ្វើជាព័ត៌មានសម្រាប់កំសាន្តសប្បាយ ឫកំប្លុកកំប្លែងនិងដើម្បីកែប្រែឥរិយាបថសង្គមឈានឆ្ពោះការលុបបំបាត់អំពើហិង្សាលើស្ត្រី៕

Share.