កំពង់ធំ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបួងសួងសុំសេចក្តីដល់វីរកងទ័ពជួរមុខ,នៅក្នុងពិធីដែលសម្តេចបានអញ្ជើញ,ជាអធិបតីក្នុងពិធីអភិសេកព្រះប្រតិមា និង បួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ដល់វីរៈកងទ័ពជួរមុខ ដែលបានរៀបចំឡើងនៅសារមន្ទីរខេត្តកំពង់ធំ នារសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា នមស្សកាព្រះរតនត្រ័យថ្វាយបង្គំព្រះ ថ្វាយរបាំបួងសួង ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតា ថែរក្សា ព្រះស្វេតឆ័ត្រទេវតាថែរក្សាចក្រវាល ទាំងទេវតាឆ្នាំម្សាញ់ តាមជួយអភិបាល ប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាង កញ្ញា និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ ចៀសផុតពីជំងឺឧបទ្រពចង្រៃ ចៀសផុត ពីគ្រោះធម្មជាតិផ្សេងៗ មានទេសចរណ៍ចូលមកទស្សនាកម្ពុជាកាន់តែច្រើន សូមឱ្យកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការការពារបូរណភាពទឹកដី ពិសេស សូមឱ្យសម្រេចរាល់បំណងប្រាថ្នាទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្តទៅទៀត។

គួររំលឹកផងដែរថា ព្រះប្រតិមាអង្គនេះ ត្រូវបានរកឃើញកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រ ឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ២០០ ម៉ែត្រ ក្នុងពេលប្រតិបត្តិការ នៃការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ៕


អត្ថបទ៖ កំពង់ធំ

Share.