កំពង់ធំ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចុះបំពេញការងារនៅខេត្តកំពង់ធំ ដើម្បីគាំទ្រ និងជួយដល់វីរយុទ្ធជន រួមទាំងប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់ពីស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមបានបញ្ជាក់ថា ការចុះជួយនាពេលនេះ គឺអនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលដៅឧបត្ថម្ភ និងគាំទ្រដល់គ្រួសារវីរយុទ្ធជនពលី វីរយុទ្ធជនរងរបួស និងជនភៀសសឹក ព្រមទាំងត្រៀមការសម្របសម្រួល និងជួយសង្គ្រោះនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់វីរយុទ្ធជន និងជនភៀសសឹក ជាពិសេសការរៀបចំកន្លែងស្នាក់នៅ និងការជួយឧបត្ថម្ភតាមលទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានប្រកាសផ្តល់អង្ករចំនួន ៤៥ តោន និងស្បៀងអាហារផ្សេងៗ ដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់ចែកជូនប្រជាជនភៀសសឹក និងអ្នកខ្វះខាត។ បន្ទាប់មក ឯកឧត្តម និងប្រតិភូអមដំណើរ ក៏បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនជនភៀសសឹក នៅក្រុងស្ទឹងសែន ដោយពាំនាំនូវការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាតិផងដែរ៕

អត្ថបទ÷កាមពង់ធំ

Share.