រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាត់ បានអញ្ជើញជាអធិបតីភាពរួមជាមួយលោកស្រី Darany Phommavongsa អនុរដ្ឋមន្ត្រីឡាវ ក្នុងការប្រកាសបើក កម្មវិធីមហោស្រពអាហារ CLMV និង សិក្ខាសាលាថ្នាក់តំបន់ស្តីពី «ទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន» នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

ព្រឹត្តិការណ៍នេះមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់មកពីមីយ៉ាន់ម៉ា និងវៀតណាម រួមទាំងតំណាងអន្តរក្រសួង និងវិស័យឯកជនប្រមាណ ២៥០ រូប
តំណាងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង លោកអភិបាលរង ហួត ហៃ បានថ្លែងគូសបញ្ជាក់ពីការខិតខំរបស់រដ្ឋបាលរាជធានី ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការរក្សាសុខសន្តិភាព ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥ មានភ្ញៀវសរុប១,១លាននាក់។
លោកស្រីអនុរដ្ឋមន្ត្រីឡាវបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលបានសម្រេចនូវពិព័រណ៍ម្ហូបអាហារ និងសន្និសីទដ៏មានសារៈសំខាន់នេះ ដើម្បីពង្រីកវិស័យទេសចរណ៍នៃប្រទេសទាំងបួន ក្រោមគំនិតផ្តួចផ្តើមរួមគ្នា «ប្រទេសបួន គោលដៅតែមួយ»។

ជាចុងក្រោយ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណដល់គណៈប្រតិភូដែលបានមកចូលរួមនៅភ្នំពេញ ដើម្បីធ្វើជាសាក្សីបញ្ជាក់ពី សុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាព របស់កម្ពុជា ព្រមទាំងឱកាសវិនិយោគដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគនានាលើវិស័យទេសចរណ៍ផងដែរ។ លោកបានបញ្ជាក់ថា កត្តាអំណោយផលទាំងអស់នេះ គឺផ្តើមចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមរតកពីថ្នាក់ដឹកនាំជំនាន់មុនមានសម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែនដែលបានបង្កើតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងអស់នាពេលនេះ។

គួរដឹងថា ព្រឹត្តិការណ៍នេះគឺជាការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមប្រទេស CLMV ក្នុងការពង្រឹង សម្របសម្រួលការធ្វើដំណើរ និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់អនុតំបន់ ក្រោមចក្ខុវិស័យ «ប្រទេសទាំងបួន ទិសដៅតែមួយ»៕

Share.