ភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ កងកម្លាំងថៃបានបន្តបាញ់ប្រហារទៅលើកងកម្លាំងកម្ពុជានៅតំបន់ព្រំដែនយោធភូមិភាគទី៤ និងយោធភូមិភាគទី៥កម្ពុជា។

គោលដៅដែលយោធាថៃបើកការបាញ់ប្រហារយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ៖ គិតចាប់ពីម៉ោង ១:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥។ ម៉ោង ១:០០នាទីរំលងអាធ្រាត្រ យោធាថៃបានធ្វើការបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទ តាក្របី និងជប់អង្គុញឥតដាច់។ ម៉ោង ៥:៣០នាទី យោធាថៃចាប់ផ្តើមធ្វើការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ ម៉ោង ៦:០០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់ និងថ្មដូន។ ម៉ោង ៧:២០នាទី យោធាថៃបានបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច ដោយប្រើប្រាស់កាំភ្លើងដៃបំពាក់ លើរថក្រោះ។

ចំណែកគោលដៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៨:00នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់ចំនួន៣លើក, បាញ់ចេញពីនាវាជ្រុំចូលភូមិសាស្ត្រអូរភ្លុកដំរីចំនួន៣លើក និងបាញ់ផ្លោងចូលភូមិជោគជ័យ ខណៈកម្លាំងថ្មើរជើង និងរថក្រោះរបស់យោធាថៃបានរុលចូលខាងមុខ និងបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិព្រៃចាន់បន្ថែមទៀត។

ចំពោះស្ថានការណ៍នៅភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ហើយកងកម្លាំងកម្ពុជាបន្តតាមដានយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត៕


Share.