មានសំនួរជាច្រើនបានលើកឡើងថា តើប្រទេសចិនមានទស្សនៈបែបណាចំពោះជម្លោះដោយប្រដាប់អាវុធរវាងថៃ-កម្ពុជា និងមានមតិបែបណាទាក់ទងនឹងស្ថានការណ៍នៅព្រំដែនថៃ-កម្ពុជា? តាមរយៈសេចក្ដីថ្លែងការណ៍របស់ភាគីចិនទាំង ស្ថានទូតចិនប្រចាំកម្ពុជា និងថៃ រួមទាំងអ្នកនាំពាក្យក្រសួងការបទេសចិន សុទ្ធតែបានបង្ហាញថា ភាគីចិនគាំទ្រលើការចរចាតាមរយៈកិច្ចសន្ទនា និងជំរុញឱ្យកម្ពុជា-ថៃ ឈប់ប្រយុទ្ធគ្នាបន្តទៀត។

ស្ថានទូតចិនប្រចាំកម្ពុជាលោក Wang Wenbin បានលើកឡើងជាសារនៅបណ្ដាញសង្គមនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសឲ្យដឹងថា អាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាម និងការពារពលរដ្ឋស៊ីវិល។ យើងសង្ឃឹមថា ភាគីទាំងពីរ កម្ពុជា-ថៃ នឹងអត់ធ្មត់ជាអតិប្បរមា ចាត់គ្រប់វិធានការដើម្បីឈានទៅបទឈប់បាញ់ឱ្យបានកាន់តែឆាប់បំផុត ដើម្បីកសាងសន្តិភាពនិងស្ថេរភាពនៅតាមព្រំដែន និងដើម្បីផលប្រយោជន៍ប្រជាជន។ ប្រទេសចិន គឺនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីលើកកម្ពស់ការសន្ទនារ ឈានទៅកសាងសន្តិភាព ហើយចិន នឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួន ក្នុងការនាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីកសាងសន្តិភាព។

ស្ថានទូតចិនប្រចាំថៃក៏បានលើកឡើងនៅថ្ងៃជាមួយគ្នានោះថា ថៃ និងកម្ពុជា គឺជាប្រទេសជិតខាងដែលមិនអាចផ្លាស់ប្តូរទីតាំងបាន។ ប្រទេសចិនមានសុភាសិតបុរាណមួយបានចែងថា៖ ការរស់នៅជាមួយប្រទេសជិតខាងប្រកបដោយមិត្តភាព និងមេត្តាធម៌ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសខ្លួន។ បេសកកម្មដ៏បន្ទាន់បំផុតនៅពេលនេះគឺការបញ្ឈប់ការបាញ់ប្រហារ បញ្ឈប់ការប្រយុទ្ធគ្នា និងការពារជនស៊ីវិល។ ប្រទេសចិនសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងគិតដល់ទិដ្ឋភាពនៃការរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែន និងផលប្រយោជន៍របស់ប្រជាជនទាំងពីរ រក្សាភាពអត់ធ្មត់យ៉ាងជ្រាលជ្រៅ និងអនុវត្តគ្រប់វិធានការណ៍ទាំងអស់ដែលអំណោយផលដល់ការសម្រេចបានការឈប់បាញ់ ដើម្បីបន្ធូរបន្ថយភាពតានតឹងឱ្យបានឆាប់រហ័ស។

នៅថ្ងៃដដែលនេះ អ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun ក៏បានប្រកាសថា មហាអំណាចចិន ប្រកាសប្តេជ្ញាជំរុញឲ្យមានបទឈប់បាញ់រវាង កម្ពុជានិងថៃ ហើយចូលតុចរចាដើម្បីសន្តិភាព ហើយសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក បានបន្ថែមថា ចិននឹងបន្ត ដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការធ្វើការឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់ និងការស្តារសន្តិភាពរវាងប្រទេសទាំងពីរ។

ការឆ្លើយតបរបស់ភាគីចិនខាងលើនេះ គឺបានបង្ហាញថា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះព្រំដែនថៃ-កម្ពុជា ប្រទេសចិនបានរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគីទាំងពីរតាមរយៈបណ្តាញ និងកម្រិតផ្សេងៗ ដូចដែលភាគីទាំងពីរចង់បាន។ ប្រទេសចិនបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល និងលើកកម្ពស់ការសន្ទនា ដើម្បីបង្កើតឱកាស និងផ្តល់វេទិកាសម្រាប់ការសន្ទនារវាងប្រទេសថៃ និងកម្ពុជា។

ប្រទេសចិនពិតជាបង្ហាញគាំទ្រការសន្ទនា និងការពិគ្រោះយោបល់ដោយផ្ទាល់រវាងភាគីទាំងពីរ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការសម្របសម្រួល និងលើកកម្ពស់ការសន្ទនា ជាពិសេសរបស់ប្រទេសម៉ាឡេស៊ី និងគាំទ្រការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកចំពោះជម្លោះក្នុងក្របខ័ណ្ឌអាស៊ាន។

ការខិតខំនេះបានគូសបញ្ជាក់ថា ប្រទេសចិនកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីសម្របសម្រួល និងលើកកម្ពស់ការសន្ទនា ហើយនឹងបន្តធ្វើដូច្នេះនាពេលអនាគត។ ដើម្បីដើរតួនាទីស្ថាបនា តាមមធ្យោបាយផ្ទាល់ខ្លួនក្នុងការលើកកម្ពស់បទឈប់បាញ់ និងស្តារសន្តិភាពឡើងវិញ៕

Share.