ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃចន្ទ ដោយទាមទារសំណងរហូតដល់ ១០ពាន់លានដុល្លារ ពីស្ថាប័នផ្សព្វផ្សាយរបស់អង់គ្លេស BBC ដោយចោទប្រកាន់ស្ថាប័ននេះពីបទបរិហារកេរ្តិ៍ ក៏ដូចជាការអនុវត្តពាណិជ្ជកម្មដែល បោកប្រាស់និងមិនយុត្តិធម៌។

ពាក្យបណ្ដឹងកម្រាស់៣៣ ទំព័រ បានចោទប្រកាន់ BBCថាបានផ្សាយ “ការពណ៌នាអំពីប្រធានាធិបតីត្រាំ ដែលមិនពិតបរិហារកេរ្តិ៍ បោកប្រាស់ បន្ថាបបន្ថោក ញុះញង់ និងមានចេតនាអាក្រក់” ដោយហៅវាថាជា”ការប៉ុនប៉ងយ៉ាងគឃ្លើនដើម្បីជ្រៀតជ្រែក និងជះឥទ្ធិពល” ដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។ ពាក្យបណ្ដឹងបានចោទប្រកាន់BBC ថាបាន “កាត់តផ្នែកពីរដាច់ដោយឡែកទាំងស្រុងនៃសុន្ទរកថារបស់ប្រធានាធិបតីត្រាំ កាលពីថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ បញ្ចូលគ្នា” ដើម្បី “បំភ្លៃចេតនាទៅលើអត្ថន័យនៃអ្វីដែលប្រធានាធិបតីត្រាំ បាននិយាយ”។

BBCធ្លាប់បាន សុំទោស លោក ត្រាំ កាលពីខែមុនជុំវិញការកាត់តសុន្ទរកថានៅថ្ងៃទី៦ ខែមករានេះ។ ប៉ុន្តែស្ថាប័នផ្សព្វផ្សាយដែលប្រើប្រាស់មូលនិធិសាធារណៈនេះបាន ច្រានចោលការចោទប្រកាន់ថាខ្លួនបានបរិហារកេរ្តិ៍លោក បន្ទាប់ពីលោក ត្រាំ បានគំរាមចាត់វិធានការផ្លូវច្បាប់។លោកSamirShahប្រធាន BBC បាន​ហៅទង្វើនោះថាជា “កំហុសក្នុងការវិនិច្ឆ័យ” ដែលបង្កឱ្យមានការលាលែងពីតំណែងរបស់នាយកប្រតិបត្តិជាន់ខ្ពស់និងប្រធានផ្នែកព័ត៌មានរបស់ BBC ។

សុន្ទរកថានោះបានធ្វើឡើងមុនពេលអ្នកគាំទ្រលោកត្រាំ មួយចំនួនបានសម្រុកចូលវិមាន Capitol របស់សហរដ្ឋអាមេរិក ខណៈដែលសភាត្រៀមនឹងផ្ដល់សច្ចាប័នលើជ័យជម្នះរបស់លោក JoeBiden ដែលទើបជាប់ឆ្នោតក្នុងឆ្នាំ ២០២០ ដោយកាលណោះលោក ត្រាំ បានចោទប្រកាន់ដោយមិនពិតថាលោកត្រូវបានគេលួចបន្លំសន្លឹកឆ្នោត។BBC បានផ្សាយភាពយន្តឯកសាររយៈពេលមួយម៉ោងដែលមានចំណងជើងថា”Trump: A Second Chance?” ឬ(ត្រាំ៖ មានឱកាសទីពីរទេ?)ប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤។

ភាពយន្តនេះបានកាត់តឃ្លាចំនួនបីពីផ្នែកពីរនៃសុន្ទរកថាឆ្នាំ ២០២១ដែលថ្លែងឃ្លាតគ្នាជិតមួយម៉ោង បញ្ចូលគ្នាទៅជាអ្វីដែលមើលទៅហាក់ដូចជាឃ្លាតែមួយ ដូចជាលោកត្រាំ ជំរុញអ្នកគាំទ្រឱ្យដង្ហែជាមួយលោក “តស៊ូប្ដូរផ្ដាច់”។ ក្នុងចំណោមផ្នែកដែលត្រូវបានកាត់ចេញ គឺជាផ្នែកមួយដែលលោកត្រាំ បាននិយាយថាលោកចង់ឱ្យអ្នកគាំទ្រធ្វើបាតុកម្មដោយសន្តិវិធី៕

Share.