នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអ.ស.ប. ស្ដីពីប្រធានបទ “ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនៅអាស៊ីកណ្ដាល” ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក។

ក្នុងឱកាសនៃកិច្ចប្រជុំដ៏សំខាន់នេះ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនដល់គណៈកម្មការកសាងសន្តិភាព​អ.ស.ប. អំពីស្ថានការណ៍បច្ចុប្បន្នដែលកម្ពុជាបាននិងកំពុងរងនូវការឈ្លានពានទ្រង់ទ្រាយធំ និងដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ចាប់តាំងពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥។

ឯកឧត្តម កែវ ឈា បានគូសបញ្ជាក់ថា ទង្វើឈ្លានពាននេះបានបណ្ដាលឱ្យប្រជាជនស៊ីវីលស្លូតត្រង់បាត់បង់ជីវិត ទទួលរងរបួស និងបង្ខំចិត្តភៀសសឹក ក៏ដូចជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើបេតិកភណ្ឌវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានា។ ទង្វើទាំងឡាយនេះ គឺផ្ទុយទាំងស្រុងពីគោលការណ៍នៃភាពជាអ្នកជិតខាងល្អ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអ.ស.ប.។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ជាថ្មីថា ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី គឺអាចធ្វើទៅបានលុះត្រាតែមានការជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែការដោះស្រាយជម្លោះដោយសន្តិវិធីពុំអាចកើតឡើងបានឡើយ នៅពេលដែលប្រទេសមួយបានបដិសេធកិច្ចសន្ទនា ហើយបែរទៅប្រើប្រាស់កម្លាំងយោធា ព្រមទាំងពុំអើពើនឹងយន្តការសន្តិភាពនានាដែលមានស្រាប់ សម្រាប់ដោះស្រាយជម្លោះនោះ៕

Share.