អតីតនាយករដ្ឋមន្ត្រីថៃ លោក ស៊ុមឆាយ វង្សសាវ៉ាត់ ដែលត្រូវជាប្អូនថ្លៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបង្ហាញការគាំទ្រចំពោះកូនប្រុសខ្លួនយ៉ាងពេញទំហឹងសម្រាប់ការឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងបក្សផឿថៃដោយលោកបានអះអាង ថា ឱ្យកូនប្រុសចូលខ្លួនធ្វើការបម្រើជាតិ ដោយគ្មាន ការបង្គាប់បញ្ជាពីក្រោយ គឺទុកឱកាសឱ្យកូនប្រុសបានឯករាជ្យ ព្រមទាំងបញ្ជាក់ថា ទោះជាទើបប្រឡូកនយោបាយ តែសុំឱកាសបង្ហាញ​សមត្ថភាព និងទុកឱ្យប្រជាជនថៃជាអ្នកសម្រេច។

នៅវេលាម៉ោង ០៩:៣០ នាទី ព្រឹក ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នៅទីស្នាក់ការគណបក្សភឿថៃ (Pheu Thai Party) លោក ស៊ុមឆាយ វង្សសាវ៉ាត់ ក្នុងនាមជាឪពុក បានផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងការដាក់ឈ្មោះលោក យុទ្ធឆាណាន់ វង្សសាវ៉ាត់ ជាកូនប្រុសរបស់លោក ឱ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ។

នៅពេលត្រូវបានសួរថា តើលោកមានទំនុកចិត្តថាកូនប្រុសនឹងទទួលបានការបោះឆ្នោតជ្រើសរើស និងចូលកាន់តំណែងនៅវិមានរដ្ឋាភិបាលដែរឬទេ?

លោក ស៊ុមឆាយ បានឆ្លើយថា៖ «វាអាស្រ័យលើការបោះឆ្នោតរបស់ប្រជាជន។ យើងគ្រាន់តែជាអ្នកគាំទ្រប៉ុណ្ណោះ ប៉ុន្តែមិនបានចូលទៅជ្រៀតជ្រែក ឬ គ្រប់គ្រង ការងាររបស់គេឡើយ។ ដោយសារនៅពេលមកដល់ដំណាក់កាលនេះ គេត្រូវតែមាន គំនិតឯករាជ្យ និងប្តេជ្ញាចិត្តតស៊ូធ្វើការជាមួយគណបក្សភឿថៃ។ ឪពុកម្តាយនឹងនៅពីក្រោយបែបនេះ អ្វីដែលអាចជួយបានក៏ជួយទៅ។ ខ្ញុំមិនបានចូលពាក់ព័ន្ធ ឬបញ្ជាអ្វីឡើយ ដោយសាររឿងនេះគឺធំជាងរឿងគ្រួសារ ហើយជាកិច្ចការថ្នាក់ជាតិ»។

នៅពេលសួរថា ក្នុងនាមជាឪពុកដែលធ្លាប់ឆ្លងកាត់រឿងលំបាកៗជាច្រើន តើលោកបាននិយាយអ្វីខ្លះជាមួយលោក យុទ្ធឆាណាន់ ដែលត្រៀមចូលឆាកនយោបាយ?

លោក ស៊ុមឆាយ បាននិយាយថា៖ «ខ្ញុំមិនបាននិយាយអ្វីទេ ព្រោះខ្ញុំបានតស៊ូតាមផ្លូវរបស់ខ្ញុំហើយ។ នៅពេលកូនចង់ចូលមកធ្វើការដើម្បីប្រទេសជាតិ មានតែត្រូវបណ្តោយឱ្យគេតស៊ូឱ្យបានពេញទំហឹងជាមួយគណៈកម្មាធិការបក្សផឿថៃ។ មិនចាំបាច់ប្រាប់ទេ មនុស្សគ្រប់គ្នាក៏ដឹងថាការតស៊ូយ៉ាងណាដែរ។ ធំដឹងក្តីប៉ុណ្ណេះហើយ យើងត្រូវតែបណ្តោយឱ្យគេមានឯករាជ្យ គេចង់ក្លាយជាអ្នកដឹកនាំ ឬអ្វី គឺសម្រេចតែគេទៅចុះ។ យើងប្រហែលជាមិនចូលទៅពាក់ព័ន្ធទេ…»

នៅពេលសួរថា វិបត្តិនយោបាយប្រទេសមានច្រើនបែបនេះ តើលោកគិតថាលោក យុទ្ធឆាណាន់ នឹងអាចឆ្លងផុតដែរឬទេ បើសិនបានកាន់តំណែងជានាយករដ្ឋមន្ត្រី?

លោក ស៊ុមឆាយ បានបន្តថា៖ «វាស្ថិតនៅលើថាតើគេអាចបានឡើងកាន់តំណែង ឬអត់។ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធក្នុងបក្សបានជួយគ្នាពេញទំហឹង។ ដូច្នេះខ្ញុំជឿជាក់ថា នយោបាយរបស់គណបក្សអាចធ្វើទៅរួច ដូចដែលប្រជាជនធ្លាប់បានឃើញកន្លងមក ព្រោះនយោបាយរបស់បក្សគឺ រីកចម្រើនជាងមុន និងមានលក្ខណៈ ជាក់ស្តែង ដែលប្រជាជនអាចរំពឹងទុកបាន។ ដូច្នេះហើយ គួរតែធ្វើឱ្យការបោះឆ្នោតទទួលបានការគាំទ្រពីប្រជាជន។ យ៉ាងណាក៏ដោយ វាក៏ត្រូវតែអាស្រ័យលើបងប្អូនប្រជាពលរដ្ឋផងដែរថា តើនឹងគាំទ្រ និងបោះឆ្នោតឬអត់ ព្រោះគណបក្សនយោបាយមានច្រើន។ ខ្ញុំមិនមែនជាអ្នកគ្រប់គ្រងគណបក្សភឿថៃទេ ប៉ុន្តែខ្ញុំផ្តល់កម្លាំងចិត្តពេញទំហឹង ហើយចង់ឱ្យយើងបានត្រលប់មកធ្វើជាអ្នកដឹកនាំរដ្ឋាភិបាលវិញ ដើម្បីមើលថែប្រជាជនបន្ត។ ប៉ុន្តែទោះបានឬអត់ ក៏ត្រូវតែគោរពតាមការបោះឆ្នោតរបស់ប្រជាជនដែរ»។

នៅពេលសួរថា តើនេះជាការសម្រេចចិត្តត្រឹមត្រូវដែរឬទេ ព្រោះលោក យសឆៈណាន់ ត្រូវបានចាត់ទុកជាអ្នកចំណូលថ្មីក្នុងឆាកនយោបាយថៃ ហើយការប្រកួតនយោបាយក៏ប្រកួតប្រជែងញគ្នាក្ដៅគគុកដែរ…?

លោក ស៊ុមឆាយ បានឆ្លើយតបថា៖ «ថ្មីចាស់មិនកំណត់ជាអ្នកដែលខ្វះឱកាស ខ្វះចំណេះដឹង ឬខ្វះសមត្ថភាពនោះទេ។ ត្រូវតែបើកឱកាសឱ្យគេបង្ហាញឱ្យបានពេញទំហឹង ដើម្បីបង្ហាញថា ទោះបីជាថ្មីក៏ដោយ ប៉ុន្តែប្រសិនបើទទួលបានការគាំទ្រ ក៏អាចដឹកនាំបក្ស និងប្រទេសជាតិបានដែរ។ រឿងនេះគឺអាស្រ័យលើខ្លួនគេផ្ទាល់ដែលត្រូវទៅ បង្ហាញ និងបញ្ជាក់ ឱ្យប្រជាជនបានឃើញដើម្បីទទួលបានការគាំទ្រ»។

បន្ទាប់មក នៅវេលាម៉ោង ០៩:៤៥ នាទី ព្រឹក អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី បានធ្វើដំណើរមកដល់ទីស្នាក់ការគណបក្សភឿថៃ។ អ្នកសារព័ត៌មានក៏បានសួរថា តើបេក្ខជននាយករដ្ឋមន្ត្រីទាំង ៣ រូបរបស់គណបក្សភឿថៃ គួរឱ្យភ្ញាក់ផ្អើលដែរឬទេ? អ្នកស្រី បានឆ្លើយតបបែបលេងសើចថា៖ “ខ្ញុំអស់ឱកាសក្លាយជាបេក្ខជនហើយ”…៕

Share.