ប្រទេសចិនបានប្រកាសឱ្យពលរដ្ឋរបស់ខ្លួនដែលជនរងគ្រោះចាញ់បោកការល្បួងឱ្យមកធ្វើការនៅប្រទេសថៃ ជាពិសេសនៅតំបន់ព្រំដែនថៃ និងមីយ៉ាន់ម៉ា ឱ្យធ្វើមាតុភូមិនិវត្តន៍តាមជើងហោះហើរផ្លូវអាកាស ដែលមកទល់ពេលនេះមានជនសង្ស័យប្រមាណជាង ១,០០០នាក់ ត្រូវបានបញ្ជាក់អត្តសញ្ញាណ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ Khaosod បានផ្សាយនាថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥។

ជនសង្ស័យទាំងអស់នោះត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិចិន ដែលចាញ់បោកការឆបោកឱ្យមកធ្វើការនៅប្រទេសថៃទទួលបានប្រាក់ចំណូលច្រើន រួចពួកគេត្រូវបានបញ្ជូនទៅព្រំដែនថៃជាប់មីយ៉ាន់ម៉ាដើម្បីប្រតិបត្តិការស្កេមម័រ Scammer។ មីយ៉ាន់ម៉ា កំពុងបើកប្រតិបត្តិការបោសសម្អាតក្រុមឆបោកតាមបន្ទាត់ព្រំដែនជាប់ថៃដោយទម្លាក់គ្រាប់បែកកម្ទេចជាច្រើនលើកច្រើនសារ ជាហេតុធ្វើឱ្យមានការព្រួយបារម្ភចំពោះជនរងគ្រោះទាំងអស់នោះ។

រដ្ឋាភិបាលចិនបានចេញវិធានការនៃការបញ្ជូនយន្ដហោះដឹកពលរដ្ឋរងគ្រោះចាកចេញពីតំបន់នេះជាលើកទី៣ហើយ ដោយថ្មីៗនេះមានពលរដ្ឋចិនប្រមាណ ១០០នាក់ ត្រូវបានចេញពីតំបន់ជាប់ព្រំដែនថៃ ក្រោយកងទ័ពមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកយ៉ាងចាស់ដៃ កម្ទេចអគារ Scammer នៅកៀកតំបន់ Shwe Koko ដើម្បីព្រមានថៃ។

សារព័ត៌មានដដែលផ្សាយថា ជនជាតិចិនទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់អាកាសយានដ្ឋាន Mae Sot ក្នុងខេត្ត Tak កាលពីថ្ងៃអង្គារទី១៦ ខែធ្នូឆ្នាំ២០២៥ ដោយមានយន្តហោះ២គ្រឿងចាំទទួល ក្នុងមួយយន្ដហោះត្រូវដឹកជនជាតិចិន ចំនួន៥០នាក់។

គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍មុន កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកកម្ទេចអគាររបស់ក្រុមឧក្រិដ្ឋជនអនឡាញចំនួន ១៧អគារបន្ថែមទៀត នៅតំបន់សេដ្ឋកិច្ចពិសេស KK Park។ ក្រៅពីកម្ទេចអគារ និងចាប់ខ្លួនជនបរទេសហើយនោះ កងទ័ពក៏បានចូលឆែកឆេរអគារ ហើយរឹបអូសសម្ភារៈ និងគ្រឿងអេឡិចត្រូនិច រួចដុតបំផ្លាញចោលផងដែរ។

យ៉ាងណាម៉ិញ តំបន់ជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា គឺជាតំបន់ឧស្សាហកម្មឆបោកដ៏ពេញនិយមមួយ ដោយកន្លងមកមានជនរងគ្រោះជាច្រើនតែងត្រូវបានគេលួងលោមឱ្យមកប្រទេសថៃ ដើម្បីធ្វើការងារដែលមានប្រាក់ចំណូលខ្ពស់ ឬក្នុងរូបភាពផ្សេងៗ ប៉ុន្ដែចុងក្រោយត្រូវបានគេបញ្ជូនមកតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា និងធ្វើទារុណកម្មបង្ខំឱ្យធ្វើការងារឆបោក ដោយក្រុមប្រឈមភាគច្រើនគឺជាជនជាតិចិន។

ជាក់ស្ដែងកាលពីដើមឆ្នាំ២០២៥ កន្លងទៅ តារាសម្ដែងចិន លោក Wang Xing បាន​បាត់​ទំនាក់ទំនងនៅ​ចំណុច​ជិត​ព្រំដែនថៃ​-មីយ៉ាន់ម៉ា ក្រោយ​ទៅដល់​ប្រទេស​ថៃ​ដើម្បី​ត្រៀម​ថត​ភាព​យន្ត។​ ករណីនេះ ត្រូវបានលោក Xing ឆ្លើយថា លោកត្រូវបានគេបោកប្រាស់ឱ្យទៅថតភាពយន្ដនៅទីនោះ ហើយត្រូវបានគេនាំឆ្លងដែនទៅប្រទេសមីយ៉ាន់ម៉ា។ បន្ទាប់ពីផ្ទុះរឿងអាស្រូវដ៏ធំនេះ ប្រទេសថៃ ក្លាយជាទីតាំងគ្រោះថ្នាក់សម្រាប់ប្រទេសចិន ដោយចិនបានហាមប្រាមប្រជាជនខ្លួនមិនឱ្យធ្វើដំណើរកម្សាន្ដមកប្រទេសថៃទៀតផង៕

ប្រភព៖ Khaosod

ចុចអាន៖ ហុងកុងបញ្ជូនមន្ត្រីសន្ដិសុខទៅប្រទេសថៃ ចំពេលមានការកើនឡើងនៃករណីជួញដូរមនុស្ស

Share.