ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា កម្ពុជាគ្មានទាហានរុស្ស៊ី និងជនបរទេស ចូលរួមប្រយុទ្ធនៅលើទឹកដីកម្ពុជាឡើយ។ ការលើកឡើងរបស់សម្តេច ហ៊ុន សែននេះ បន្ទាប់ពីមានសារព័ត៌មានថៃមួយចំនួនបានចុះផ្សាយចោទប្រកាន់មកលើកម្ពុជា ដោយគ្មានការពិត បំភ្លៃ បំភ្លើសថា កម្ពុជាមានទាហានរុស្ស៊ី និងជនបរទេសមួយចំនួន ចូលរួមប្រយុទ្ធជាមួយកម្ពុជា។

តាមសំណេរសម្តេចតេជោ ហ៊ុន សែន បានលើឡើងថា ប៉ុន្មានថ្ងៃកន្លងមកនេះ សារព័ត៌មានថៃមួយចំនួនបានចុះផ្សាយ អះអាងថា មានទាហានរុស្ស៊ី និងជនបរទេសមួយចំនួន ចូលរួមប្រយុទ្ធជាមួយកម្ពុជា។ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្ស៉ី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជាពុំមានជនជាតិរុស្ស៉ី ឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។ ហើយកម្ពុជាក៏មិនមានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីកងកម្លាំងអ៊ុនតាក់បានដកចេញនៅឆ្នាំ១៩៩៣មកម្លេះ។

ជាមួយគ្នានេះ កម្ពុជាទទួលស្គាល់ថា ធ្លាប់មានកងកម្លាំងយោធាបរទេសចម្រុះជាតិសាស្រ្តចូលមកធ្វើសមយុទ្ធរួមទ្វេភាគី ឬពហុភាគី នៅលើទឹកដីកម្ពុជា ជាពិសេសកងទ័ពជើងទឹកបរទេសដែលចូលមកតាមច្រកសមុទ្រខេត្តព្រះសីហនុ។ ដែលការធ្វើសមយុទ្ធទាំងនេះ គឺជា ទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច សហការក្នុងវិស័យការពារជាតិ។

កម្ពុជាក៏បានបញ្ជាក់ផងដែរ​ថា កម្ពុជាទទួលស្គាល់ថា បច្ចុប្បន្នមានជនបរទេសជាច្រើនកំពុងស្នាក់នៅកម្ពុជា ក្នុងនាមជាទេសចរ វិនិយោគិន អ្នកជំនាញបច្ចេកទេស ឬបុគ្គលិកក្រុមហ៊ុន ប៉ុន្តែអ្នកទាំងនោះ មិនពាក់ព័ន្ធនឹងវិស័យយោធា ឬការប្រយុទ្ធឡើយ៕

Share.