សៀមរាប៖ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្ហាញពីសកម្មភាពយ៉ាងសកម្មក្នុងការជួយសង្គ្រោះ និងថែទាំសុខភាពមាតា និងទារក នៃគ្រួសារវីរកងកម្លាំងកម្ពុជា និងគ្រួសារភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពាននៅតាមព្រំដែន។

យោងតាមរបាយការណ៍គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្រ្តីមានផ្ទៃពោះជិតសម្រាល និងស្រ្តីដែលសម្រាលកូនរួចចំនួន ៨៧ នាក់ មកពីគ្រួសារកងទ័ព និងជនភៀសសឹក កំពុងស្ថិតក្រោមការមើលថែយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

លោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានបញ្ជាក់ថា ស្រ្តីទាំងនោះទទួលបានសេវាពិនិត្យផ្ទៃពោះ និងការសម្រាលដោយសុវត្ថិភាព។ លោកបានសង្កត់ធ្ងន់ថា៖ «យើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅដល់មាតា ទារក និងកុមារទាំងអស់ ជាពិសេសគ្រួសារវីរកងកម្លាំងដែលកំពុងលះបង់ដើម្បីជាតិ»

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនស្រ្តីមានផ្ទៃពោះក្នុងគ្រួសារកងទ័ព និងជនភៀសសឹកទាំងអស់ ដែលមានបញ្ហាសុខភាព ឬដល់ជិតដងសម្រាល សូមអញ្ជើញមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដោយឥតគិតថ្លៃ និងគ្មានការរើសអើង។

សកម្មភាពមនុស្សធម៌នេះ គឺជាផ្នែកមួយនៃការលើកទឹកចិត្តយ៉ាងធំធេងដល់វីរកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ដោយធានាថាគ្រួសារ និងកូនចៅរបស់ពួកគាត់នឹងទទួលបានការគាំពារសុខភាពល្អបំផុតក្នុងគ្រាលំបាកនេះ៕

Share.