វាគឺជារឿងមួយដែលគួរឱ្យចាប់អារម្មណ៍ដែលថៃត្រូវបានគេមើលឃើញថាគឺជាបងប្អូនរបស់ប្រទេសចិន បែរជាប្រើអាវុធទំនើបគឺយន្តហោះ F-16 ទៅទម្លាក់គ្រាប់កម្ទេចស្ពានដែលជាសមិទ្ធផលរបស់មហាអំណាចចិន កសាងនៅកម្ពុជាជានិមិត្តរូបនៃការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមខេត្តក្រុងនានា ដែលជាគោលនយោបាយដ៏យូរអង្វែងមួយរបស់ចិន ជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ កាន់តែងាយស្រួល ជាមួយការដឹកជញ្ជូនទំនិញកាន់តែឆាប់រហ័ស ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស។ មិនតែប៉ុណ្ណោះ វានឹងជំរុញឲ្យមានលំហូរមូលធន វប្បធម៌ រូបិយវត្ថុ បច្ចេកវិទ្យា និងមនុស្ស តាមរយៈ ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ការប្រើប្រាស់កម្លាំងពលកម្មជំនាញ និងទេសចរជាដើម។



ការព្យាយាមបំផ្លាញសមិទ្ធផលចិននៅក្នុងប្រទេសកម្ពុជា ប្រទេសថៃមិនត្រឹមតែបង្កើតភាពតានតឹងជាមួយប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្ដែថៃកំពុងធ្វើឱ្យខ្លួនឯងស្ថិតនៅឆ្ងាយពីយន្ដការអភិវឌ្ឍន៍ក្នុងតំបន់ដែលកំពុងមានសន្ទុះខ្លាំង។ ជាក់ស្ដែង ការទម្លាក់គ្រាប់បែកកម្ទេចសមិទ្ធផលចិននៅក្នុងប្រទេសកម្ពុជា ដូចជា ស្ពានមេទឹក ជាដើមនោះ ក៏អាចបង្ហាញពីការមិនពេញចិត្ត ឬអាចជាការមិនផ្ដល់តម្លៃ និងទុកមុខមាត់ឱ្យប្រទេសចិនផងដែរ។ យុទ្ធសាស្ត្រផ្ដាច់ផ្លូវផ្ដាច់ស្ពានរបស់ថៃ គឺកំពុងតែដើរបញ្ច្រាសពីគោលនយោបាយរបស់ប្រទេសចិន និងប្រធានាធិបតី ស៊ី ជីនពីង គឺគោលនយោបាយ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ឬដែលពីមុនហៅថា «ផ្លូវពាណិជ្ជកម្មសូត្រថ្មី» គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សកលដ៏ធំសម្បើមមួយដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីចិន ស៊ី នៅក្នុងឆ្នាំ ២០១៣ ក្នុងគោលបំណងដើម្បីតភ្ជាប់ទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ។



អ្នកជំនាញយល់ឃើញថា ថៃកំពុងដើរផ្លូវផ្ទុយពីនិន្នាការសហប្រតិបត្តិការតំបន់ អាចធ្វើឱ្យថៃបាត់បង់សំឡេងគាំទ្រក្នុងអាស៊ាន ឬអាចហៅបានថាបាត់បង់បងប្អូនល្អនិងមិត្តល្អ ដែលជាប់របងផ្ទះខ្លួន បន្តិចម្ដងៗថៃនឹងមានភាពឯកោផ្នែកការទូត ហើយនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាដង្ហើមរបស់ប្រទេសនេះ។
ដូច្នេះទង្វើដ៏គឃ្លើនមិនគិតមុខក្រោយរបស់ថៃនេះ គឺកំពុងតែមើលងាយទៅលើប្រទេសចិន និងបានដើរហួសពី ទំនាស់ព្រំដែនរួចបាត់ទៅហើយ ប៉ុន្តែវាគឺជាការវាយប្រហារឈ្លានពានទឹកដីដោយប្រើកម្លាំងប្រដាប់អាវុធ ក្រោមការដឹកនាំដោយក្រុមយោធា និងទទួលបានការគាំទ្រនិងបើកដៃដោយរដ្ឋាភិបាលស៊ីវិល។
ពាក្យដែលថៃតែងតែនិយាយថាខ្លួនប្រើប្រាស់សិទ្ធិការពារ តែយោធាថៃបន្តប្រើគ្រាប់បែក គ្រាប់ប្លោង ទម្លាក់លើដែនអធិបតេយ្យភាពកម្ពុជា គឺមិនមែនជាការការពារទៀតទេ តែថៃកំពុងតែរំលោភបំពានលើប្រទេសកម្ពុជា និងធ្វើបាបជនស៊ីវិលកម្ពុជា ជិតពាក់កណ្ដាលលាននាក់។

នៅពេលដែលប្រទេសមួយជ្រើសរើសការប្រើប្រាស់គ្រាប់កាំភ្លើងជាមធ្យោបាយនៃកិច្ចសន្ទនា វាក្លាយជាការលំបាកខ្លាំងណាស់ក្នុងការអះអាងថា ខ្លួនកំពុងការពារសន្ដិភាព ឬជាអ្នកគោរពច្បាប់អន្តរជាតិ។
ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ក្នុងដំណាក់កាលបច្ចុប្បន្ន មិនអាចចាត់ទុកត្រឹមតែជា «ជម្លោះព្រំដែន» ធម្មតានោះទេ។ ផ្ទុយទៅវិញ វាបានវិវត្តទៅជាការបង្ហាញពីឥរិយាបទនយោបាយដែលគ្មានទិសដៅច្បាស់លាស់ ដែលកំពុងរុញច្រាននយោបាយរបស់ប្រទេសថៃ ឱ្យដើរទៅរកសេចក្ដីវិនាសជាបណ្ដើរៗ ដែលនាំមកនូវផលវិបាកធ្ងន់ធ្ងរ។
សកម្មភាពយោធារបស់ថៃហាក់ដូចជា ត្រូវបានប្រើប្រាស់ធ្វើជាលេស ដើម្បីសម្រេចបាននូវគោលដៅនយោបាយក្នុងស្រុក ជាពិសេសគឺការទាញយកប្រជាប្រិយភាពមុនការបោះឆ្នោតដែលនឹងមកដល់ឆាប់ៗជាថ្មី។

នៅពេលដែលនយោបាយផ្ទៃក្នុងរបស់ថៃដើរទៅដល់ផ្លូវទាល់ច្រក ការបង្កើតសត្រូវខាងក្រៅគឺជាយុទ្ធសាស្ត្រដែលពួកគេតែងតែប្រើប្រាស់ជានិច្ច។
ប៉ុន្តែការប្រើប្រាស់ «សន្លឹកបៀជាតិនិយម» ដដែលៗរបស់ថៃ ដោយយកសន្តិសុខក្នុងតំបន់ធ្វើជាចំណាប់ខ្មាំង មិនមែនជាសញ្ញានៃភាពរឹងមាំផ្នែកនយោបាយនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីកង្វះចក្ខុវិស័យ និងអសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសប្រកបដោយប្រសិទ្ធភាព។ អ្វីដែលកាន់តែគួរឱ្យបារម្ភនោះគឺ ជម្រើសរបស់ថៃក្នុងការបណ្តោយឱ្យខ្លួនឯងស្ថិតក្នុងភាពឯកោ ដោយមិនបានគិតគូរពីផលវិបាកផ្នែកសេដ្ឋកិច្ច និងការទូតនៅលើឆាកអន្តរជាតិ។
អ្នកវិភាគផ្នែកនយោបាយ បានមើលឃើញថា យុទ្ធសាស្ត្របង្កជម្លោះជាមួយអ្នកក្រៅ ដើម្បីពង្រីកចលនាជាតិ វាអាចចំណេញនយោបាយប៉ុន្តែមានត្រឹមតែបណ្តោះអាសន្ន មិនអាចគង់វង្សនោះឡើយ មិនតែប៉ុណ្ណោះ ថៃខ្លួនឯងបានបន្សល់ទុកនូវស្នាមរបួសផ្នែកទំនាក់ទំនងការទូតអន្តរជាតិ ធ្វើឱ្យប្រទេសដែលធ្លាប់មានទំនាក់ទំនងល្អ មិនសូវហ៊ានទុកចិត្តលើប្រទេសថៃ ដូច្នេះការដែលយោធាថៃ និងរដ្ឋាភិបាលនៅតែប្រើសន្លឹកបៀរជាតិនិយមមកលេងក ដើម្បីបិទបាំងបញ្ហាផ្ទៃក្នុង និងបង្វែរស្ថានភាពលំបាកក្នុងប្រទេសខ្លួន គឺជាយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់បំផុត ដែលអាចនាំទៅរកការខាតបង់លើសពីការចំណេញ ដែលពិបាកនឹងស្ដារឡើងវិញថែមទៀតផង៕

