ភូត្រាចាយ៉ា៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម មានប្រសាសន៍ថា កម្ពុជា ​និង​ថៃ ​បាន​ព្រមព្រៀងគ្នា​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ថ្ងៃទី​២២ ខែធ្នូ ខាងមុខនេះ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដើម្បី​ចាប់ផ្តើម​កិច្ចចរចា​ទប់ស្កាត់​ការកើនឡើងកម្ដៅ​បន្ថែមទៀត​នៅតាម​ព្រំដែន។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam News នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥។

លោក អាន់​វ៉ា បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបញ្ចុះបញ្ចូលប្រទេសថៃ និងកម្ពុជា ឱ្យបញ្ឈប់ការកើនឡើងភាពតានតឹងនៅតាមបណ្ដោយព្រំដែនដែលកំពុងមានជម្លោះ។

លោក បន្ថែមថា «យើង​កំពុង​អំពាវនាវ​ដល់​ពួកគេ​ឱ្យ​បញ្ឈប់​ការ​វាយលុក​នៅ​ជួរ​មុខ​នេះ​ជា​បន្ទាន់ ហើយ​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន ​គឺ​បទ​ឈប់​បាញ់​ជា​បន្ទាន់។

ប្រធានអាស៊ានប្ដូរវេនរូបនេះ បន្ដថា ការសម្រេចចិត្តកោះប្រជុំបានកើតឡើងបន្ទាប់ពីការពិគ្រោះយោបល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ​ត្រាំ។ លោកថា លោក ដូណាល់ ត្រាំ បានទូរស័ព្ទមកលោក និងសួរនាំពីការវិវត្តន៍ថ្មីៗ ហើយលោកបានប្រាប់លោក ត្រាំ ថា ការបញ្ចុះបញ្ចូលប្រទេសថៃ-កម្ពុជា ឱ្យបញ្ឈប់ការវាយលុក ពិតជាមានសារៈសំខាន់ណាស់។

យ៉ាងណាម៉ិញ ពេលនេះប្រទេសថៃ និងប្រទេសកម្ពុជា បានយល់ព្រមជាគោលការណ៍លើការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយបន្ថែមថា រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី និងចាកចេញទៅកាន់តំបន់ព្រំដែន​នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបន្ដការចូលរួមពិភាក្សាទាំងកម្រិតការទូត និងកម្រិតយោធា។

លោក អាន់វ៉ា បញ្ជាក់ថា ការយល់ព្រមចូលរួមកិច្ចប្រជុំពីភាគីទាំងសងខាង គឺជាជំហានវិជ្ជមានមួយដល់ការសម្របសម្រួលក្នុងតួនាទីរបស់អាស៊ាន។ លោកនៅតែមានសុទិដ្ឋិនិយមថា កិច្ចប្រជុំថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ អាចជួយធានាឱ្យមានការបញ្ឈប់អរិភាពជាជំហានដំបូង និងបើកផ្លូវសម្រាប់កិច្ចពិភាក្សាឲ្យ​បានទូលំទូលាយលើការដោះស្រាយរយៈពេលវែង៕

ប្រភព៖ Vietnam News

Share.