តាមក្រសួងការពារជាតិបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃបានបន្តធ្វើសកម្មភាពបាញ់ប្រហារ និងរំលោភលើដែនអធិបតេយ្យកម្ពុជា នៅតាមបន្ទាត់ព្រំដែនទិសយោធភូមិភាគទី៤ និងទី៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ និងយន្តហោះចម្បាំង។

នៅទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ យោធាថៃបានបាញ់ផ្លោងជាបន្តបន្ទាប់ចូលតំបន់ជួរមុខជាច្រើន កន្លែងរួមមាន÷ តំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ភ្នំខ្មោច និងតំបន់ជិតខាង ដោយប្រើកាំភ្លើងធំ រថក្រោះ ដ្រូន និងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក។ សកម្មភាពបាញ់ប្រហារនេះ បានបន្តរហូតដល់ល្ងាចថ្ងៃទី១៨ ខែធ្នូ។
នៅទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ យោធាថៃបានប្រើដ្រូនស៊ើបការណ៍ហោះរំលោភដែនអធិបតេយ្យកម្ពុជា និងបាញ់ផ្លោងចូលភូមិសាស្ត្រច្រើនកន្លែង ព្រមទាំងប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ។
ចំពោះភូមិសាស្ត្រផ្សេងទៀត ស្ថានការណ៍មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជា នៅតែបន្តតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ និងរក្សាកម្រិតប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីការពារដែនអធិបតេយ្យ និងសុវត្ថិភាពជាតិ។

