គិតមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៣ នៃភាពតានតឹង ស្ថានការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៤ និងទី៥ នៅតែមានការបាញ់ប្រហារ និងសកម្មភាពឈ្លានពានពីភាគីថៃ ដោយបន្តរំលោភបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

តាមក្រសួងការពារជាតិបានឱ្យដឹងថា ស្ថានការណ៍ទិសយោធភូមិភាគទី៤ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ចាប់ពីម៉ោង ១៧:០០ នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ រហូតដល់ម៉ោង ៧:០០ នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ភាគីថៃបានបន្តបាញ់ប្រហារមកលើទីតាំងរបស់កម្ពុជា។ ជាពិសេស ចាប់ពីម៉ោង ២០:០០ នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រប្រាសាទតាមាន់ និងដំណាក់ស្តេច មុននឹងស្ថានការណ៍ស្ងប់ស្ងាត់នៅព្រឹកថ្ងៃបន្ទាប់។ នៅតំបន់ផ្សេងទៀត ស្ថានភាពទូទៅមានភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជានៅតែតាមដានយ៉ាងម៉ឺងម៉ាត់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ចំណែកស្ថានការណ៍ទិសយោធភូមិភាគទី៥នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តសកម្មភាពបាញ់ប្រហារមកលើកម្ពុជា ចាប់ពីល្ងាចថ្ងៃទី១៨ ដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពរួមមានការប្រើប្រាស់ដ្រូន កាំភ្លើងបាញ់រះ កាំភ្លើងធំ និងការបាញ់ផ្លោងចូលតំបន់ស៊ីវិល ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាត និងបង្កការភ័យខ្លាចយ៉ាងខ្លាំង។ ទោះជាយ៉ាងណា នៅតំបន់ផ្សេងទៀត ស្ថានការណ៍មានភាពស្ងប់ស្ងាត់ ខណៈកងកម្លាំងកម្ពុជាបន្តឈរជើងការពារយ៉ាងរឹងមាំ។

កម្ពុជាបញ្ជាក់ជាថ្មីថា ការវាយការពារខ្លួនរបស់ខ្លួន ផ្តោតតែលើគោលដៅយោធារបស់ភាគីថៃប៉ុណ្ណោះ មិនមានគោលបំណងវាយប្រហារលើជនស៊ីវិល ឬទីតាំងស៊ីវិលឡើយ។ ផ្ទុយទៅវិញ សកម្មភាពរបស់ភាគីថៃបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិតចំនួន ១៨ នាក់ (រួមមានទារក ១ នាក់) និងរងរបួសចំនួន ៧៩ នាក់ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦ ល្ងាច។


កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឈ្លានពាន ងាកមកគោរពបទឈប់បាញ់ និងអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពឡើងវិញ។ ហើយកម្ពុជា ក៏ស្នើឱ្យសហគមន៍អន្តរជាតិថ្កោលទោស និងទាមទារឱ្យថៃទទួលខុសត្រូវចំពោះការរំលោភបំពានដ៏កំរោលមកលើប្រទេសកម្ពុជានេះ។

ក្រសួងការពារជាតិបានបញ្ជាក់ទៀតថា កងទ័ព និងកងនគរបាលកម្ពុជា នៅតែឈរជើងយ៉ាងរឹងមាំ និងតស៊ូការពារបូរណភាពទឹកដីជាតិ ស្របតាមសិទ្ធិស្វ័យការពារដែលមានចែងក្នុងច្បាប់អន្តរជាតិ ខណៈរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជារួបរួមគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ៕

Share.