
ក្នុងអំឡុងមានជម្លោះប្រដាប់អាវុធដែលបណ្ដាលមកពីការឈ្លានពានរបស់ថៃនេះ, រាជរដ្ឋាភិបាលបានកែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងធានាបន្តផ្តល់អត្ថប្រយោជន៍ពីកម្មវិធីជូនក្រុមគោលដៅ សំដៅជួយរក្សាលំនឹងជីវភាពរបស់ពួកគាត់។ ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ នេះ។
ឯកឧត្តមពន្យល់ថា ការកែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីនេះ នឹងអនុញ្ញាតឱ្យស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ ក្នុងភូមិសាស្រ្តដែលមានជម្លោះព្រំដែន នៅតែបន្តទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដោយលើកលែងការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាព ទាំងមុនពេលសម្រាល, ពេលសម្រាល, និងក្រោយពេលសម្រាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈមុនការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងភូមិសាស្រ្តដែលមានជម្លោះព្រំដែន។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩ មក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទៅមូលដ្ឋានសុខាភិបាលសាធារណៈចាប់តាំងពីមុនសម្រាល ពេលសម្រាល និង ក្រោយសម្រាលរហូតកូនមានអាយុ ២ ឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លើកឡើងបន្ថែមថា ក្នុងអំឡុងដែលកម្ពុជារងការឈ្លានពានពីប្រទេសថៃពេលនេះ បានធ្វើឱ្យរងផងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ ជាពិសេសសិទ្ធិក្នុងការការទទួលបានការគាំពារសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ, ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា មានភាពចាំបាច់ក្នុងការ កែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងធានាបន្តផ្តល់អត្ថប្រយោជន៍ពីកម្មវិធីជូនក្រុមគោលដៅ សំដៅជួយរក្សាលំនឹងជីវភាព ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជាដែលរងការឈ្លានពានពីប្រទេសថៃ នាពេលនេះ។
របាយការណ៍ពីក្រសួងមហាផ្ទៃបានបង្ហាញថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២០ ខែធ្នូ ចំនួនពលរដ្ឋភៀសសឹកកម្ពុជាកើនដល់ ៥១៨ ៦១១នាក់។ ក្នុងនោះ ស្រ្តី មាន ២៧០ ០៦៩នាក់ និងកុមារ១៦៥.៣៨៥នាក់។ ដោយឡែក ជនស៊ីវិលកម្ពុជាចំនួន២០នាក់បានបាត់បង់ជីវិតក្នុងនោះក៏មានទារកផងដែរ ខណៈ ៧៩នាក់ទៀតរងរបួស ដោយសារការវាយប្រហារឈ្លានពានពីកងទ័ពថៃ៕

