សារព័ត៌មាន Matichon របស់ថៃបានផ្សាយពី គោលនយោបាយក្នុងយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតរបស់បក្សភូមិចៃថៃដោយមានមេបក្សល្មោភសង្គ្រាម អនុទិន ឆាន់វីរៈគុល ប្រើប្រាស់វោហារសាស្ត្របែបមនោគមវិជ្ជាជាតិនិយម ក្រោមពាក្យស្លោក «សង្គ្រាម» ដើម្បីការពារការឈ្លានពាន និងការប្រឆាំង ឬបោសសម្អាត «ស្កេមម័រ (ឧក្រិដ្ឋកម្មអនឡាញ)» កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក និងជាយុទ្ធសាស្ត្រទាក់ទាញចិត្តប្រជាជនឱ្យគាំទ្រនិងបោះឆ្នោតឱ្យបក្សយ៉ាងមានប្រសិទ្ធភាព។

ពាក្យថា «សង្គ្រាម» នៅទីនេះ អនុទិន មិនបង្ហាញចំៗថាខ្លួនខ្ចីដៃពួកយោធាឱ្យឈ្លានពានមកលើកម្ពុជានោះទេ ប៉ុន្តែនាយកណ្ដុររូបនេះធ្លាប់ប្រើប្រាស់ពាក្យថា គាំទ្រទៅលើការសម្រេចចិត្តរបស់យោធាដើម្បីការពារទឹកដីរបស់ថៃ។ ក្នុងន័យនយោបាយរបស់ បក្សភូមិចៃថៃ ការប្រើប្រាស់ពាក្យមួយនេះធ្វើជាបច្ចេកទេសដ៏មុតស្រួចមួយដើម្បីសណ្ដំចិត្តប្រជាជនថៃទាំងអស់ក្នុងន័យសាមគ្គីភាព រួបរួមជាតិ និងកាន់តែធ្វើឱ្យប្រជាជនស្លុងចិត្តចង់រួបរួមកម្លាំងបន្តជាមួយបក្សធ្វើយ៉ាងណាឱ្យប្រទេសថៃកាន់តែមានវិសាលភាពអំណាចនៃប្រទេសខ្លាំងនៅក្នុងតំបន់។
ចំពោះការបោសសម្អាត «ស្កេមម័រ (ឧក្រិដ្ឋកម្មអនឡាញ)» ប្រសិនបើក្រឡេកទៅមើលលោក អនុទីន ឆានវីរៈគុល ឱ្យបានដិតដល់នោះច្បាស់ជាដឹងថា មេឧក្រិដ្ឋកម្ម និងជាអ្នកកែច្បាប់ឱ្យប្រើប្រាស់កញ្ឆាបានយ៉ាងស្របច្បាប់នៅក្នុងប្រទេសថៃរូបនេះ ពិតជាខ្លាំងហើយសកម្មភាពបំផុតតាមរយៈការបើកដៃនិងគាំទ្រពេញទំហឹងចំពោះកងយោធាថៃ ប្រើប្រាស់រូបភាពទម្លាក់គ្រាប់ពីយន្តហោះ F-16 ជាមួយនឹងលេសឥតខ្លឹមសារថាដើម្បីបំផ្លាញសំបុកស្កេមម័រនៅកម្ពុជា។ កត្តានេះ បានបន្តមកពីគោលនយោបាយរបស់គណបក្សភឿថៃ ដែលលោកស្រី ផែថនថាន ស៊ីណាវ៉ាត្រ ធ្លាប់បានលើកឡើងនៅពេលនៅកាន់អំណាច និងអំឡុងពេលក្រោយបែកធ្លាយសារសំឡេង Uncle’s Clip ជាមួយសម្ដេចតេជោ ហ៊ុន សែន ជាហេតុជំរុញឱ្យគណបក្សភូមិចៃថៃនៅពេលឡើងកាន់អំណាចភ្លាម ចាប់ផ្ដើមចេញវិធានការក្ដៅនេះដោយមិនបន្ធូដៃ។
នៅក្នុងបរិបទនយោបាយបច្ចុប្បន្នថៃ ការឃោសនារកសំឡេងឆ្នោតលែងផ្ដោតតែលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា ផ្លូវ ស្ពាន ឬសាលារៀនតែមួយមុខទៀតហើយ។ គណបក្សភឿថៃ គណបក្សខ្លាថាំ គណបក្សប្រជាធិបតេយ្យ គណបក្សថៃសាងថៃ ឬគណបក្សប្រជាជន មានទំនោរទៅរកការឃោសនារិះគន់រដ្ឋាភិបាលសព្វថ្ងៃ និងដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា។ ជំហររបស់គណបក្សនយោបាយនីមួយៗ មានទិសដៅចង់កាច់បំបាក់គណបក្សភូមិចៃថៃឱ្យបាក់ ខណៈដែលបក្សនេះហាក់មានសំឡេងគាំទ្រខ្លាំងឡើងពីប្រជាជនថៃ ដោយសារតែប្រកាសគោលជំហរប្រកៀកស្មាជាមួយកងទ័ពធ្វើសង្គ្រាមឈ្លានពានលើកម្ពុជា។
ការឃោសនារបស់បក្សភូមិចៃថៃក្រោមពាក្យស្លោក «សង្គ្រាម និងស្កេមម័រ» ដោយសន្យាថានឹងលុបបំបាត់ល្បែងស៊ីសងអនឡាញ បានក្លាយជាបង្អែមនយោបាយ ដែលមានរសជាតិផ្អែមដិតបំផុតរហូតដល់ជាប់ចិត្តប្រជាជននាពេលនេះ។ ការប្រើប្រាស់ពាក្យស្លោកដ៏ទាក់ទាញនេះ គឺជា អាវុធមុខពីរ ព្រោះថាប្រសិនបើក្រោយការបោះឆ្នោត ការបោសសម្អាតគ្រាន់តែជាការធ្វើឡើងដើម្បីសម្ដែងតែមួយឆាវ ឬប្រើប្រាស់ជាលេសដើម្បីឈ្លានពានកម្ពុជា នោះប្រជាប្រិយភាពដែលទទួលបាននឹងប្រែទៅជាការខកចិត្ត និងការបាត់បង់ទំនុកចិត្តយ៉ាងធ្ងន់ធ្ងរនៅអាណត្តិក្រោយ។ ប៉ុន្តែបើការធ្វើឡើងមិនមែនតែមួយប្រ៉ាវ ហើយបែរជាតាំងចិត្តយ៉ាងពេញទំហឹងមែននោះ ច្បាស់ណាស់ថា អនុទិន នៅតែចិញ្ចឹមចិត្តចង់ធ្វើសង្គ្រាមជាមួយកម្ពុជាមិនដកដៃតែម្ដង។
ការប្រកាសសង្គ្រាមជ្រកក្រោមរូបភាពបោសសម្អាតឧក្រិដ្ឋកម្មអនឡាញរបស់គោលនយោបាយបក្សភូមិចៃថៃ គឺជាយុទ្ធសាស្ត្រវៃឆ្លាតក្នុងការកសាងប្រជាប្រិយភាពរបស់ អនុទិន ក្នុងការបន្តកាន់អំណាចដូចដើម ព្រោះវាឆ្លើយតបទៅនឹង តម្រូវការពិតប្រាកដរបស់សង្គមថៃ ដែលកំពុងតែឈ្លក់វង្វេងនិងញៀនសង្គ្រាម។ ប៉ុន្តភាពជោគជ័យក៏មិនពិតប្រាកដនោះទេ ហើយក៏មិនមែនស្ថិតនៅលើពាក្យសម្ដីក្នុងអំឡុងពេលឃោសនានោះដែរ ពោលគឺស្ថិតនៅលើលទ្ធផលជាក់ស្ដែងក្រោយពេលទទួលបានអំណាច។ ដូច្នោះហើយខាងលើនេះសបញ្ជាក់ថា នាយកណ្ដុរ អនុទិន ក្រាញននាលចង់បានអំណាចខ្លាំងនៅអណត្តិក្រោយនេះ ទើបធ្វើឱ្យគេព្រមឱនក្បាលឱ្យកងទ័ពធ្វើអ្វីតាមតែអំពើចិត្ត ទោះជាដឹងហើយថាលទ្ធផលចុងក្រោយ ប្រទេសថៃ នឹងត្រូវបានខ្សែភ្នែកអន្តរជាតិសម្លឹងមើលឃើញថា កំពុងតែឈ្លានពានលើប្រទេសកម្ពុជា ដែលជាប្រទេសជិតខាង និងជាសមាជិកអាស៊ានដូចគ្នា ជាពិសេសគឺល្មើសនឹងច្បាប់អន្តរជាតិក៏ដោយ៕

