ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នៅតែមានភាពតានតឹងយ៉ាងខ្លាំង ខណៈភាគីថៃបានបន្តធ្វើសកម្មភាពបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីម៉ោង ១៧:០០នាទី ល្ងាច ថ្ងៃទី២១ ខែធ្នូ រហូតដល់ម៉ោង ៨:០០នាទី ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

តាមសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិបានឲ្យដឹងថា នៅយប់ថ្ងៃទី២១ ខែធ្នូ យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចូលសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត និងបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិព្រៃចាន់។ ចូលដល់ព្រឹកថ្ងៃទី២២ ខែធ្នូ យោធាថៃបានបន្តបាញ់ភ្លើងក្រហម និងបាញ់ផ្លោងយ៉ាងសន្ធាប់ចូលភូមិសាស្រ្តភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន។

នៅម៉ោង ៥:០២នាទី ព្រឹកថ្ងៃដដែល យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្រ្តបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បន្ទាប់មក យោធាថៃបានប្រើកាំភ្លើងធំប្រភេទ ១៥៥ ម.ម បាញ់ផ្លោងជាច្រើនគ្រាប់ ចូលតំបន់ក្រុងប៉ោយប៉ែត និងតំបន់ជាប់ព្រំដែនផ្សេងៗទៀត ព្រមទាំងប្រើកម្លាំងថ្មើរជើងអមដោយរថពាសដែក និងរថក្រោះ ព្យាយាមរុលមកខាងមុខភូមិសាស្រ្តភូមិព្រៃចាន់ និងបឹងត្រកួន។ លើសពីនេះ យោធាថៃក៏បានបាញ់ផ្លោងចូលឃុំអូរស្រឡៅ ស្រុកម៉ាឡៃ និងប្រើប្រាស់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់ បង្កឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។


មកដល់ពេលនេះ នៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជា ប៉ុន្តែកងកម្លាំងយោធាកម្ពុជា កំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញ ឈរជើងយ៉ាងរឹងមាំ និងបន្តតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីការពារបូរណភាពទឹកដីជាតិ។
តាមក្រសួងមហាផ្ទៃបានឲ្យដឹងថា ប្រជាជនស៊ីវិលដែលបានស្លាប់ដោយការឈ្លានពានរបស់ថៃ បានកើនដល់ ២០នាក់ របួស៧៩នាក់ និងជនភៀសសឹកសរុបចំនួន៥២៥,២៣៦នាក់គិតត្រឹមព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ។

