តារាបាល់ទះឆ្នើម Yūki Ishikawa បានជួយឱ្យក្លិបបាល់ទះ Umbria Volley Perugia របស់អ៊ីតាលី គ្រងជើងឯក ប្រកួតក្លិបកីឡាបាល់ទះជើងឯកពិភពលោក 2025 FIVB Volleyball Men’s Club World Championship ក្រោយយកឈ្នះ Osaka Bluteon របស់ជប៉ុន ៣-០ (២០–២៥, ២១–២៥, ២៧–២៩) នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២១ ធ្នូ កន្លងទៅ ក្នុងទីក្រុង Belém ប្រទេសប្រេស៊ីល។


ព្រឹត្តិការណ៍ប្រកួតក្លិបកីឡាបាល់ទះជើងឯកពិភពលោក FIVB Volleyball Men’s Club World Championship ឆ្នាំ២០២៥ ដែលមានក្លិបកីឡាបាល់ទះ ៨ក្រុមមកពី អ៊ីតាលី ប៉ូឡូញ កាតា ជប៉ុន លីប៊ី និងម្ចាស់ផ្ទះប្រេស៊ីល ត្រៀមប្រជែងជើងឯក។ ការប្រកួត បានចាប់ផ្ដើមកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។
សូមរំលឹកថា ព្រឹត្តិការណ៍ប្រកួតក្លិបកីឡាបាល់ទះជើងឯកពិភពលោក FIVB Volleyball Men’s Club World Championship រៀបចំឡើងដំបូងនៅឆ្នាំ១៩៨៩ ដោយក្លិប Trentino Itas របស់អ៊ីតាលី និងក្លិប Sada Cruzeiro របស់ប្រស៊ីល ឈ្នះបាន ៥លើក ក្លិប Gonzaga Milano និងក្លិប Sir Safety Perugia របស់អ៊ីតាលី បាន ២លើក ខណ: ក្លិប Cucine Lube Civitanova , Pallavolo Parma , Porto Ravenna Volley របស់អ៊ីតាលី និងក្លិប Zenit Kazan , Belogorie Belgorod បាន ១លើកដូចគ្នា។


គួរបញ្ជាក់ថា តារាបាល់ទះឆ្នើម Yuki Ishikawa និងជាប្រធានក្រុមបាល់ទះជម្រើសជាតិជប៉ុន កើតថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៩៥ នៅទីក្រុង Okazaki ខេត្ត Aichi បច្ចុប្បន្នមានវ័យ ៣០ឆ្នាំ រូបគេមានកម្ពស់ ១.៩២ម៉ែត្រ ទម្ងន់ ៨៤គីឡូក្រោម។
ពិសេសទៀតនោះ Yuki Ishikawa គឺជាកីឡាករបាល់ទះមួយរូប ទទួលបានការគោរពបំផុតនៅប្រទេសជប៉ុន តាមរយៈសមត្ថភាព ទេពកោសល្យ និងសុជីវធម៌ខ្ពស់ក្នុងការរស់នៅ និងជាអ្នកលេងបាល់ទះដំបូងគេមានរូបចម្លាក់នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្នរូបសំណាក់របស់គេត្រូវបានដាក់តាំងនៅសារមន្ទីរ Madame Tussauds ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន៕


