បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Amarin TV នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ នៅខេត្តសុរិន្ទប្រទេសថៃ មានហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកងទ័ពមួយគ្រឿង ដែលបានបណ្ដាលឱ្យទាហាន៤នាក់រងរបួសធ្ងន់ និងស្រាល ពេលពួកគេធ្វើប្រតិបត្តិការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន សុរិន្ទភក្ដី។



ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ៥:១៩នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដោយឧទ្ធម្ភាគចក្រ Bell 212 មានបញ្ហាពេលចុះចត ហើយបណ្ដាលឱ្យទាហាន ៤នាក់រងរបួស។ ក្រោយកើតហេតុ ទាហានទាំង៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជំរុំ Weerawat Yothin។
ទាក់ទងនឹងមូលហេតុនៃឧប្បត្តិហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយគណៈកម្មាធិការពាក់ព័ន្ធ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ៕

