ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៧ ដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងកងកម្លាំងយោធាថៃ ជាពិសេសការបាញ់ផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ ចូលតំបន់ស៊ីវិលកម្ពុជា បានបណ្តាលឲ្យពលរដ្ឋស្លូតត្រង់ស្លាប់ ២១នាក់ និងរបួស ៨៣នាក់ ព្រមទាំងបង្កការខូចខាតធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន។ តាមក្រសួងមហាផ្ទៃបានឱ្យដឹងថា ត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ចន្លោះម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច អំពើឈ្លានពានមិនរើសគោលដៅនេះ បានបណ្តាលឲ្យមានពលរដ្ឋភៀសសឹកស្លាប់ ១នាក់ នៅខេត្តឧត្តរមានជ័យ និងរបួស ៣នាក់ នៅខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន មានជនភៀសសឹក ដោយសារអំពើឈ្លានពានរបស់យោធាថៃ សរុបចំនួន៥៤ម៉ឺន៤ពាន់៧០៣នាក់ ក្នុងនោះស្ត្រី ២៨ម៉ឺន៥ពាន់៥៤៤នាក់ និងកុមារ ១៧ម៉ឺន៤ពាន់៦នាក់ ខណៈតួលេខនេះអាចមានការប្រែប្រួលជាបន្តបន្ទាប់។ ចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់បច្ចុប្បន្ន មានផ្ទះប្រជាពលរដ្ឋខូចខាត ១១៨ខ្នង សាលារៀន ៥ទីតាំង មណ្ឌលសុខភាព ៣ទីតាំង ផ្សារ១ វត្ត៥កន្លែងបង្គោលអង់តែនទូរសព្ទ២កន្លែង ប្រសាទបុរាណ១ សាលាឆទាន១ កុដិ១ អគារគយ និងរដ្ឋករ១ និងអគារឯកជន១៣ទីតាំង អគារដ្ឋ១១ខ្នងសណ្ឋាគារ ៥ទីតាំង ផ្លូវ ស្ពាន និងមធ្យោបាយដឹកជញ្ជូនជាច្រើនទៀត។


ដោយឡែកបើតាមការបញ្ជាក់របស់ក្រសួងកាពារជាតិស្ដីពីការអំពើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាបានឱ្យដឹង ចាប់ពីល្ងាចថ្ងៃទី២១ ដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃបានបន្តអនុវត្តសកម្មភាពបាញ់ប្រហារ និងប្រើអាវុធធ្ងន់ជាច្រើនប្រភេទ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា នៅ ទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប យោធាថៃបានប្រើប្រាស់កាំភ្លើងធំ រថក្រោះ កាំភ្លើងត្បាល់ ដ្រូន និងយន្តហោះចម្បាំង F-16 បាញ់ និងទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់ ប្រាសាទព្រះវិហារ និងតំបន់ជាច្រើនផ្សេងទៀត ជ្រៅចូលក្នុងដែនអធិបតេយ្យកម្ពុជា។ ចំណែកនៅទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ យោធាថៃបានបន្តបាញ់កាំភ្លើងធំ បាញ់ភ្លើងក្រហម ប្រើដ្រូន និងយន្តហោះ F-16 វាយប្រហារចូលតំបន់ព្រំដែន និងទីតាំងប្រជាពលរដ្ឋស៊ីវិល បណ្តាលឲ្យមានជនស៊ីវិលរងរបួស និងការខូចខាតលំនៅដ្ឋាន។ ហើយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ វេលា ម៉ោង ៨:០១នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ ក្នុងភូមិសាស្ត្រប៉ោយប៉ែត ១គ្រាប់ធ្លាក់នៅសង្កាត់អូរឬស្សី និង ១គ្រាប់ទៀត ធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សកម្មភាពបាញ់ផ្លោង និងការទម្លាក់គ្រាប់ពីយន្តហោះ F-16 របស់ភាគីថៃ ដោយមិនរើសគោលដៅនេះបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាងកន្លះលាននាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង និងសាលារៀន ដើម្បីគេចផុតពីគ្រោះថ្នាក់។
ក្នុងថ្ងៃដដែលនេះ ខណៈដែលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកការអនុវត្តបទឈប់បាញ់ និងការស្ដារសន្តិភាពឡើងវិញនោះ កម្ពុជាបានស្វាឡមន៍យ៉ាងកក់ក្ដៅ ចំពោះកិច្ចខិតខំប្រឹងប្រែងនេះ និងបានបង្ហាញសុទិដ្ឋិនិយមថា ភាគីថៃនឹងអនុវត្តបទឈប់បាញ់ដោយស្មោះត្រង់ ស្របតាមវត្ថុបំណងរបស់អាស៊ាន ប៉ុន្តែបើងាកទៅភាគីថៃឯណោះ យោធាថៃ នៅតែបន្តនិងបង្កើនការបាញ់ប្រហារនិងបាញ់ប្លោងមកលើដែនអធិបតេយ្យកម្ពុជាកាន់តែញាប់ជាងមុន ដែលសបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលស៊ីវិលថៃ ដែលឡើងមកប្រជុំនៅប្រទេសម៉ាឡេស៊ី មិនមានគីឡូអ្វីទៅបញ្ជាលើកងទ័ពថៃ ឱ្យបញ្ឈប់សកម្មភាពឈ្លានពានកម្ពុជានោះឡើយ។

ដូច្នេះអ្វីដែលសហគមន៍អន្តរជាតិ អង្គការនានា អាចជួយបញ្ឈប់ ឬបន្ធូរបន្ថយភាពតានតឹងដែលកំពុងតែកើងឡើងនេះបាន គឺមានតែម្យ៉ាងប៉ុណ្ណោះ បណ្ដាប្រទេសជាដៃគូត្រូវចូលរួមជួយដាក់សម្ពាធលើការដោះដូរពាណិជ្ជកម្មជាមួយថៃ លើគ្រប់វិស័យរួមទាំងទេសចរណ៍ ដែលជាដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសនេះ ទើបអាចបញ្ចប់មហិច្ឆតាឈ្លានពាន និងការវាយប្រហារប្រដាប់អាវុធរបស់ថៃមកលើកម្ពុជាបាន៕


