នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះ ពោលគឺនៅក្រោយពេលដែលវីដេអូលោកប្រធានាធិបតី ដូណាល់ ត្រាំ ឆ្លើយ​តប​ជាមួយនឹងអ្នកសារព័ត៌មាននៅសេតវិមាន កំពុងតែត្រូវបានចែកចាយយ៉ាងគគ្រឹកគគ្រេងនៅលើបណ្ដាញសង្គម ដោយសារវីដេអូនោះ លោកត្រាំ បានលើកឡើងដល់ករណីទំនាស់ព្រំដែនកម្ពុជា-ថៃ ហើយលោកបានបញ្ជាក់​ថា​ថៃ គឺជាអ្នកបានបើកការវាយប្រហារមុន។

យ៉ាងណាមិញ នៅពេលអ្នកសារព័ត៌មានថៃបានចោទជាសំនួរទៅកាន់នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក បានបញ្ជាក់​ថា​ ប្រទេសថៃមិនដែលបានឈ្លានពាននរណាម្នាក់ឡើយ ដោយលោកបានសង្កត់ធ្ងន់ថា លោកមិនមានការព្រួយបារម្ភនោះទេ ព្រោះគ្រប់ប្រទេសដែលបានចូលរួមក្នុងកិច្ចពិភាក្សា សុទ្ធតែបានថ្លែងថាពួកគេរក្សាជំហរអព្យាក្រឹត ហើយលោកក៏មិនទាន់ឃើញមានប្រទេសណាមួយចេញមុខកាន់ជើងខាងណាដែរ។ នាយករដ្ឋមន្ត្រីកិច្ចសន្យា៤ខែពូកែនាំភ្លើងរូបនេះ បានបន្ថែមថា នេះគឺជាបញ្ហាដែលត្រូវតែដោះស្រាយឱ្យបានដាច់ស្រេចរវាងប្រទេសថៃ និងកម្ពុជា។

នេះជាអ្វីដែលលោក អនុទិន ឆានវីរៈកូល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានជុំវិញស្ថានភាពថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី អំពីការអនុម័តកញ្ចប់ថវិកាសំណងសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសារស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា នៅវិមាន​រដ្ឋាភិបាល កាលពីវេលាម៉ោង ១១:៤០ ព្រឹក ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ។

ដោយឡែកពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ដែលថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការ​កត់​សម្គាល់​ដោយចោទប្រកាន់ប្រទេសថៃ ថាជាអ្នកបើកការវាយប្រហារលើកម្ពុជាមុននោះ លោកនាយករដ្ឋមន្ត្រីរូបបានឆ្លើយតបថា ការពិតត្រូវបានគេដឹងច្បាស់រួចទៅហើយ ហើយគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ លោកថែមទាំងអះអាងថា ថៃគឺជាភាគីដែលត្រូវបានគេឈ្លានពាន និងវាយប្រហារមុន។ អ្វីដែលថៃបានធ្វើ គឺជាការវាយបកវិញ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ។

នៅពេលត្រូវបានសួរថា តើថៃនឹងឆ្លើយតបយ៉ាងដូចម្តេច ប្រសិនបើមានប្រទេសជាច្រើនកាន់ជើងខាងកម្ពុជា ហើយ​តើ​ថៃនឹងស្ដារមុខមាត់ថៃលើឆាកអន្តរជាតិដោយរបៀបណា? លោកនាយករដ្ឋមន្ត្រីបានតបថា នេះគឺជាបញ្ហាទ្វេភាគីរវាងថៃ និងកម្ពុជា។ ត្បិតរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនគឺលោក ណាត់ថាផុន ណាក់ផានិត បានចេញមកសម្ដែងអារម្មណ៍ខកចិត្ត ប្រាប់អ្នកសារព័ត៌មាននៅក្នុងថ្ងៃជាមួយគ្នានេះ ដោយលោកបាននិយាយថា ខ្ញុំមើលឃើញថាមកដល់ពេលនេះ គ្មានប្រទេសណាមួយឈរជាមួយយើងពិតប្រាកដនោះទេ។

គ្រប់គ្នានិយាយដូចជានៅកណ្តាល ប៉ុន្តែពួកគេហាក់ដូចជាកំពុងគាំទ្រនៅខាងកម្ពុជា។ អ្វីដែលខ្ញុំសង្កេតឃើញនាពេលនេះគឺថា ខ្ញុំមិនឃើញមានប្រទេសណាមួយថ្កោលទោសកម្ពុជាចំពោះការដាក់មីននៅក្នុងទឹកដីថៃនោះទេ។ ពួកគេបានត្រឹមតែមកណែនាំឲ្យថៃកាត់បន្ថយការប្រើប្រាស់អាវុធធន់ធ្ងន់នានា និងបន្ថយអំពើហិង្សា។ ចំណុចនេះ គឺជាជោគជ័យមួយយ៉ាងត្រចះត្រចង់សម្រាប់កម្ពុជា ដែលក្នុងខ្សែភ្នែកអន្តរជាតិ បានមើលឃើញច្បាស់ហើយថា ថៃកំពុងតែរំលោភបំពានលើកម្ពុជាយ៉ាងកម្រោល ដោយប្រើប្រាស់អាវុធទំនើបៗ បណ្ដាលឱ្យភូមិករជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ នានា សាលារៀន អគាររដ្ឋ ឯកជន ត្រូវបានកម្ទេច ថែមទាំងបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់កម្ពុជាផងដែរ។

ត្រលប់មកវិញ ទោះជាមានការលើកពីរដ្ឋមន្ត្រីការពារជាតិដូចខាងលើ តែលោក អនុទិន បែរជានៅតែអះអាង ថា លោកមិនទាន់ឃើញប្រទេសណាមួយប្រកាសច្បាស់ៗថាគាំទ្រភាគីម្ខាង ឬម្ខាងទៀតនោះទេ។ ប្រទេសដែលបានពិភាក្សាជាមួយថៃ សុទ្ធតែបានលើកឡើងថាពួកគេរក្សាជំហរអព្យាក្រឹត ដែលនេះជាអ្វីដែលថៃស្វាគមន៍។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា នេះគឺជាបញ្ហាដែលថៃត្រូវតែដោះស្រាយ និងបញ្ចប់វាឱ្យបានរវាងខ្លួនឯង និងភាគីម្ខាងទៀត។

មកដល់ពេលនេះ ទោះជាថៃ មិនទាន់ទទួលយកកំហុសរបស់ខ្លួន ដែលជាអ្នកដុតភ្លើងជំលោះឡើងវិញ ក្រោយបានចុះហត្ថលេខាយល់ព្រមឱ្យមានបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាំពួរក្ដី ប៉ុន្តែរូបភាពប្រទេសថៃ ការឈ្លានពានរបស់ថៃមកលើកម្ពុជា ការកុហកបោកប្រាស់ និងការប្រឌិតរឿងរបស់ថៃ ទម្លាក់មកលើកម្ពុជាហាក់ដូចជាលែងមានប្រសិទ្ធិភាព ប្រទេសជាច្រើនចាប់ផ្ដើមតាមទាន់កលល្បិចនិងសេណារីយ៉ូរបស់ថៃ ដូចករណីជាន់មីនជាដើម។ បើសិនថៃនៅតែបន្តអួតក្អេងក្អាង និងមិនវិលចូលតុចរចាដោយសន្តិភាព នោះថៃ នឹងក្លាយជារដ្ឋឯកោ ហើយកេរ្តិ៍ឈ្មោះល្អៗដែលថៃខំកសាងកន្លងមក នឹងត្រូវរលាយសាបសូន្យជាក់ជាមិនខាន៕

Share.