នាយកណ្ដុរ អនុទិន ដែលជានាយករដ្ឋមន្ត្រីចុងស្រល់រេរាតាមខ្យល់បក់ កាន់តែមើលឃើញភាពកម្សោយ ព្រោះជាមេដឹកនាំរដ្ឋាភិបាលស៊ីវិលប៉ុន្តែបែរជាដើរតាមនិងស្ដាប់តាមបញ្ជាមេដឹកនាំយោធាថៃ រហូតបណ្ដោយឱ្យក្រុមយោធាយកបញ្ហាទំនាស់ព្រំដែនរវាងប្រទេសកម្ពុជា និងថៃមកធ្វើជាប្រធានបទដើម្បីទាញប្រជាប្រិយភាព រហូតដល់ដំណាក់កាលមួយ ដែលអនុទិនខ្លួនឯងក៏មិនដឹងថាតើនឹងបញ្ចប់ដោយរបៀបណា?
ពិតណាស់ប្រជាពលរដ្ឋថៃ ដែលមិនត្រូវបានបិទបាំងដោយភាពអគតិ និងជាតិនិយមជ្រុលបានចាប់ផ្ដើមចេញ មក ចោទជាសំនួរខ្លះ វិភាគខ្លះ និងបកអាក្រាតពីកម្សោយរបស់រដ្ឋាភិបាលនាយកណ្ដុរ ដែលមិនឆ្លាតលើការដោះស្រាយបញ្ហាផ្ទៃក្នុង ហើយបែរទៅបង្កើតបញ្ហាខាងក្រៅ ជាពិសេសគឺរឿងទំនាស់ព្រំដែនជាមួយកម្ពុជា មកបំផ្ទុះរហូតបង្កឱ្យសាច់រឿងកាន់តែរីករាលដាលធំ ផលប៉ះពាល់កាន់តែច្រើន រហូតអាចនិយាយបានថា ទំនាស់នេះ មិនចំណេញទេ មានតែខាតប្រយោជន៍ជាតិ និងសេដ្ឋកិច្ចជាតិប៉ុណ្ណោះ។
គេបានលើកយកពាក្យសម្ដីរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ នាយកណ្ដុរ អនុទិន ដែលបានលើកឡើងថ្មីៗនេះ ពាក់ព័ន្ធនឹងការចាប់ដៃជាមួយគណបក្សនយោបាយណាមួយ ដើម្បីបង្កើតរដ្ឋាភិបាលគ្រប់គ្រងប្រទេសក្រោយការបោះឆ្នោតជាតិ ដែលមានខ្លឹមសារដើមថា៖ «ហេតុអ្វីបានជាត្រូវប្រើពាក្យថា “ចាប់ដៃ”? គឺចាប់ដៃជាមួយនរណាក៏ដោយឱ្យតែរួមគ្នាបង្កើតប្រយោជន៍ដល់ប្រទេសជាតិ។ នៅថ្ងៃនេះ អ្វីដែលសំខាន់បំផុតគឺប្រជាជនថៃត្រូវតែមានសាមគ្គីភាពជាធំជាមុនសិន ព្រោះយើងកំពុងមានបញ្ហាជាមួយប្រទេសជិតខាង។
ចំណែកឯរឿងនយោបាយវិញ គួរតែទុកឱ្យវាដំណើរការទៅតាមយន្តការរបស់វា ហើយត្រូវរង់ចាំមើលក្រោយការបោះឆ្នោត។ បើនរណាម្នាក់និយាយអ្វីចេញមកមុននៅពេលនេះ វានឹងក្លាយជាការ “លេបសម្ដីខ្លួនឯង” នាំឱ្យវឹកវរអស់មិនខាន។ រឿងណាដែលនៅក្រៅការគ្រប់គ្រង មិនបញ្ចេញមតិយោបល់វិញគឺប្រសើរជាង»។
តាមរយៈពាក្យសម្ដីខាងលើនេះ ត្រូវបានពលរដ្ឋថៃ លើកយកមកវិភាគនិងបកអាក្រាតវិញដូចខាងក្រោម៖
«ពាក្យសម្ដីនេះពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ សាកមកវិភាគពីចំណុចចំណេញ និងចំណុចខាត ក្នុងជ្រុងមើលរបស់លោក អនុទិន ៖ បើគាត់និយាយថា ចាប់ដៃជាមួយគណបក្សប្រជាជនថៃ គាត់ច្បាស់ជាមិនហ៊ាននិយាយដាច់ខាត បើមិនដូច្នោះទេ ក្រុមអ្នកគាំទ្រអភិរក្សនិយម (ឬក្រុមគាំទ្ររាជវង្ស) នឹងជេរស្ដីបន្ទោសគាត់ស្លាប់មិនខាន។
បើគាត់និយាយថា ចាប់ដៃជាមួយគណបក្សភឿថៃ វានឹងធ្វើឱ្យសំឡេងឆ្នោតហូរត្រឡប់ទៅខាងបក្សភឿថៃវិញ ហើយធ្វើឱ្យភឿថៃស្ថិតក្នុងស្ថានភាព “ជិះសេះលែងដៃ” ឬដាក់សម្ពាធលើបក្សភូមិ ចៃ ថៃបាន។ បើគាត់និយាយថា ចាប់ដៃជាមួយបក្សក្លាធម្ម: ដោយសាររូបភាពអវិជ្ជមាន (ឬពណ៌ប្រផេះ) របស់បក្សរបស់លោក ធម្មាណាត់នោះ វានឹងមានតែធ្វើឱ្យគាត់ខូចឈ្មោះ និងបាត់បង់ប្រជាប្រិយភាព។ បើឱ្យនិយាយថា ចាប់ដៃជាមួយបក្សប្រជាធិបតេយ្យ វាកាន់តែចម្លែក ហើយអាចនឹងត្រូវលោក អភិសិទ្ធិ ប្រធានបក្សឆ្លើយតបវិញនាំឱ្យបាក់មុខទៀតផង។
សរុបមក ក្នុងកំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោត លោក អនុទិន ប្រហែលជាមិនអាចនិយាយចេញមកបានទាល់តែសោះថា តើគាត់នឹងចងសម្ព័ន្ធភាពបែបណា ហើយគាត់ច្បាស់ជាព្យាយាមគេចពីមេក្រូ គេចពីអ្នកសារព័ត៌មាន និងគេចពីការជជែកដេញដោល។ ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ចំណែកឯតួនាទីរបស់សង្គមព័ត៌មានវិញ គឺត្រូវនាំខ្លួនបេក្ខជននាំមុខសម្រាប់តំណែងនាយករដ្ឋមន្ត្រី មកធ្វើការដេញដោលឱ្យបានច្រើនបំផុត ដើម្បីឱ្យប្រជាជនបានឃើញ “គុណភាពទំនិញ” មុននឹងសម្រេចចិត្តជ្រើសរើស ជៀសវាងការចាញ់បោកក្រុមស្កេមម័រ ដែលយករបស់ក្លែងក្លាយមកបោកលក់ឱ្យទៀត»។
ជាមួយនឹងការវិភាគរបស់អ្នកជំនាញនិងយល់ច្បាស់ពីឧបាយកលចាប់ដៃកងទ័ពបង្កសង្គ្រាមរបស់ នាយកណ្ដុរអនុទិន គឺបានបង្ហាញយ៉ាងច្បាស់ហើយថា នាយករដ្ឋមន្ត្រីខ្ចីកៅអីគេអង្គុយរយៈពេលខ្លីរូបនេះ ត្រូវតែបន្តតោងភ្ជាប់ជាមួយនឹងក្រុមយោធាថៃ ឱ្យមាំ ដើម្បីទាញយកប្រជាប្រិយភាពពីអ្នកជាតិនិយមជ្រុលដែលជឿលើការឃោសនាបោះឆ្នោត រឿងការពារជាតិ ការពារទឹកដី ឱ្យមកបោះឆ្នោតឱ្យខ្លួន ម្យ៉ាងវិញទៀត ដូចការវិភាគខាងលើ ទោះជាចង់ឬមិនចង់ មានតែផ្លូវចាប់ដៃជាមួយកងទ័ពប៉ុណ្ណោះជាជម្រើសសម្រាប់អនុទិន ក្នុងដំណាក់កាលនេះ ព្រោះចង់ងាកទៅចាប់ដៃបក្សនយោបាយណាមួយក៏ជាផ្លូវស្លាប់សម្រាប់បក្សភូមិចៃថៃ និងអនុទិនខ្លួនឯងដែរ៕

