ការឈ្លានពានមកលើទឹកដីកម្ពុជាទាំងកំរោល ដោយបានទម្លាក់គ្រប់បែក បាញ់ផ្លោង និងបាញ់ផ្សែងពុលចូលមកក្នុងដែនអធិបតេយ្យកម្ពុជា ត្រូវបានមើលឃើញថាផ្ទុយនឹងច្បាប់អន្តរជាតិ ថែមទាំងបានបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលចាត់ទុបានថាជាអំពើ«ឧក្រិដ្ឋកម្មបរិស្ថាន»។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងការអញ្ជើញធ្វើបាឋកថា ស្តីពី«ការដឹកនាំនិងគ្រប់គ្រងវិស័យបរិស្ថាននៅកម្ពុជា» នៅរាជបណ្ឌិតសភាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សិស្ស និស្សិត នៃរាជបណ្ឌិតសភាកម្ពុជា សាលាភូមិន្ទរដ្ឋបាល សហភាសហព័ន្ធយុវជនកម្ពុជា និងយុវជនកម្ពុជាជាច្រើនផ្សេងទៀត។

ឯកឧត្តមដ្ឋមន្ត្រីបានថ្លែងថាទង្វើឈ្លានពាន មិនត្រឹមតែបង្កឱ្យមនុស្សស្លាប់ និងរបួស ថែមទាំងបំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះក្នុងដែនអធិបតេយ្យរបស់កម្ពុជា និងបានរំលោភច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស។ « បរិស្ថានជាជីវិត មិនគោរពបរិស្ថាន គឺមិនគោរពជីវិត។ មិនគោរពជីវិត គឺបំពានសិទ្ធិមនុស្ស សិទ្ធិនៃការរស់រានមានជីវិត។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែមនៅក្នុងឱកាសនោះផងដែរ។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលមានការឈ្លានពានមកលើទឹកដីកម្ពុជា ក្រសួងបរិស្ថានបានចាត់បញ្ជូនក្រុមការងារមន្រ្តីជំនាញចំនួន១៤ក្រុម សរុបចំនួន៦០នាក់ ដើម្បីចុះអង្កេតតាមដាន ការបំពុលបរិស្ថាននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន នៅតាមមណ្ឌលជនភៀសសឹក មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ យុវជនមកពីអង្គការ សមាគម សង្គមស៊ីវិល ដៃគូសហការ យុវជនកម្ពុជា ជាច្រើនផ្សេងទៀត និងប្រជាពលរដ្ឋ ជំរុញសកម្មភាពដើម្បីឱ្យមានស្អាត នៅតាមមណ្ឌលសុវត្ថិភាពទាំងអស់ ជាពិសេសរៀបចំឱ្យមានការទុកដាក់សំរាម សម្អាតអនាម័យបរិស្ថាន ទប់ស្កាត់ការដុតសំរាម ដុតប្លាស្ទិក ដែលបង្កឱ្យមានការបំពុលខ្យល់។ ជាមួយគ្នានេះមន្រ្តីជំនាញក្រសួងបរិស្ថាន បានចុះអង្កេតតាមដានលើគុណភាពទឹក និងគុណភាពខ្យល់ នៅតាមទីតាំងជាច្រើនទាំងក្នុង និងក្រៅមណ្ឌលសុវត្ថិភាពជនភៀសសឹក និងយកសំណាកទឹក សំណាកខ្យល់ និងសារធាតុគីមីពុល មកវិភាគនៅមន្ទីរពិសោធន័ក្រសួងបរិស្ថានបន្ថែមទៀត។

លើសពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែររួមសាមគ្គីគ្នា និងដើម្បីភាពស្អាត លើកកម្ពស់សុខភាពសាធារណៈ របស់ជនភៀសសឹក បានផ្តល់ជូនធុងសំរាមសរុបចំនួន ៣៥០ ធុង ម៉ូតូដឹកសំរាមចំនួន ២៥ គ្រឿង រថយន្តដឹកសំរាមចំនួន ១ គ្រឿង បន្ថែមទៀតដល់រដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីបញ្ជូនទៅគាំទ្រដល់ភាពស្អាតតាមមណ្ឌលសុវត្ថិភាពជនភៀសសឹក៕

អត្ថបទ៖ ត្រយងតូច

