ភ្នំពេញ÷ កងកម្លាំងយោធាថៃបានបន្តធ្វើសកម្មភាពបាញ់ប្រហារ និងឈ្លានពានយ៉ាងធ្ងន់ធ្ងរ មកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា នៅតាមបន្ទាត់ព្រំដែនទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។
តាមក្រសួងការពារជាតិបានឱ្យដឹងថា នៅទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ យោធាថៃបានប្រើប្រាស់កាំភ្លើងធំ រថក្រោះ ដ្រូនទម្លាក់គ្រាប់អត្តឃាត្ត និងយន្តហោះចម្បាំង F-16 វាយប្រហារជាបន្តបន្ទាប់ ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ ប្រាសាទតាមាន់ តាថាវ គោល៨ ភ្នំត្រង៉ោល និងតំបន់ជុំវិញ បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខ និងសុវត្ថិភាពតំបន់។

ចំណែកនៅទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ភាគីថៃបានបាញ់ផ្លោងគ្រាប់អាវុធជាច្រើនរយគ្រាប់ ចូលតំបន់ស៊ីវិល និងភូមិភាគសំខាន់ៗ រួមមាន ក្រុងប៉ោយប៉ែត សំពៅលូន ភ្នំព្រឹក ស្វាយចេក និងតំបន់ជាប់ព្រំដែនផ្សេងៗ ព្រមទាំងមានសកម្មភាពចល័តកម្លាំង រថពាសដែក និងរថក្រោះនៅតាមច្រកសំខាន់។
កងកម្លាំងការពារជាតិរបស់កម្ពុជា បានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញ ប្រឆាំងនឹងអំពើឈ្លានពាន និងបន្តតាមដានស្ថានការណ៍ដោយប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសជាតិយ៉ាងម៉ឺងម៉ាត់។


សូមបញ្ជាក់ដែរថា គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងកងកម្លាំងយោធាថៃ ជាពិសេសការបាញ់ផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ ចូលតំបន់ស៊ីវិលកម្ពុជា បានបណ្តាលឲ្យពលរដ្ឋស្លូតត្រង់ស្លាប់ ២១នាក់ និងរបួស ៨៣នាក់ និងមានជនភៀសសឹកសរុបប្រមាណ ៦០៨,០៩៧ នាក់ ព្រមទាំងបង្កការខូចខាតធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន។ នេះបើតាមក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៕

