​ក្លីបវីដេអូខ្លីដែលបានបង្ហោះនៅលើបណ្ដាញសង្គមបង្ហាញឱ្យឃើញថា នារីសោភិនីមួយក្រុមលើកកៅអីគ្រវែងគប់ភ្ញៀវទេសចរផ្អើលពេញផ្លូវនៅ ភូកេត ប្រទេសថៃ បានធ្វើឱ្យប្រជាជនថៃកើតចិត្តខឹងសម្បារនិងបានបញ្ចេញមតិស្ដីបន្ទោសរដ្ឋាភិបាលថៃ ដែលបានអនុម័តវិធានការ Free VISA ដើម្បីស្ដារវិស័យទេសចរណ៍នៅក្នុងស្រុក។

ប្រជាជនថៃដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើនលើកឡើងពីភាពអាម៉ាស់របស់ប្រទេសថៃចំពោះទង្វើបង្ហាញពីឥរិយាបទមិនសមរម្យចំពោះភ្ញៀវទេសចរផង និងបានទម្លាក់កំហុសហើយបន្ទោសគ្រប់យ៉ាងទៅរាជរដ្ឋាភិបាលរបស់ខ្លួនដែលសព្វថ្ងៃនេះដឹកនាំដោយលោក អុនទីន ឆាន់វីរៈគុល ថាអសមត្ថភាពគ្រប់គ្រងប្រទេស ហើយបណ្ដោយឱ្យប្រទេសធ្លាក់ក្នុងសភាពវឹកវរចលាចល។

ជាការពិតណាស់ ដោយមើលឃើញថាវិស័យទេសចរណ៍នៅក្នុងប្រទេសថៃដាំក្បាលចុះយ៉ាងគំហុកហើយនោះ រដ្ឋាភិបាលថៃបានប្រកាសពីការបន្តការស្នាក់នៅដោយគ្មានទិដ្ឋាការសម្រាប់អ្នកទេសចរមកពី ៩៣ ប្រទេសជាពិសេសចំពោះអ្នកធុរកិច្ចសេដ្ឋកិច្ច ដោយអនុញ្ញាតឱ្យពួកគេស្នាក់នៅក្នុងប្រទេសថៃលើសពី ៣០ ថ្ងៃ (សម្រាប់លិខិតឆ្លងដែនធម្មតា) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។

ការអនុញ្ញាតនេះចូលជាធរមាននៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ ដោយគ្មានកាលបរិច្ឆេទបញ្ចប់ដែលបានកំណត់ឡើយ ថែមទាំងអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសទាំងនេះស្នាក់នៅក្នុងប្រទេសថៃបានរយៈពេលយូរ រួមមានប្រទេសនានានៅទូទាំងពិភពលោក ដែលមានប្រទេសជាច្រើនក្នុងតំបន់ អាស៊ី អឺរ៉ុប អាមេរិក និងអូសេអានី។

ក្រសួងទេសចរណ៍ថៃ ក៏បានលើកឡើងនៅក្នុងប្រកាសកាលពីពេលថ្មីនេះថា បើគិតពីថ្ងៃទី១ ខែមករា ដល់ពាក់កណ្ដាលខែធ្នូ ឆ្នាំ ២០២៥ ថៃបានទទួលភ្ញៀវទេសចរអន្តរជាតិត្រឹម​ ៣១,៧៦ លាននាក់ ដោយធ្លាក់ចុះ ៧,២៥% ឬប្រហែល ២,៤ លាននាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មែនទែនទៅ វិស័យទេសចរណ៍ចាំបាច់បំផុតត្រូវការ “សន្តិភាព” ដើម្បីបង្ហាញពីស្ថេរភាពនិងសុវត្ថិភាពក្នុងប្រទេស។

ប៉ុន្តែបើទោះបីជាមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ភាគីថៃបានសម្រេចព្យួរចោលដោយឯកតោភាគី ជាហេតុធ្វើឱ្យថៃអាចត្រូវចាយពេលរាប់ឆ្នាំឯណោះដើម្បីស្រូបទញយកទំនុកចិត្តភ្ញៀវទេសចរឱ្យត្រឡប់មកវិញផងដែរ។

ដូច្នោះហើយ ប្រការដែលយោធាថៃជ្រើសរើសឈ្លានពានមកលើកម្ពុជា ប្រាកដណាស់បានបញ្ជាក់ពីការសម្លាប់សេដ្ឋកិច្ច និងទេសចរណ៍របស់ខ្លួនឯង ជាហេតុនាំឱ្យគ្មានអ្នកទេសចរណាម្នាក់ចង់ទៅសម្រាកលំហែកាយក្នុងប្រទេសថៃដែលកំពុងប្រើប្រាស់គ្រាប់បែក និងយន្តហោះចម្បាំងបាញ់ប្រហារលើអ្នកជិតខាងនោះឡើយ៕

Share.