តាមសេចក្ដីរាយការណ៍ពីនគរបាលបានឱ្យដឹងថា កម្លាំងល្បាតនៃប៉ុស្តិ៍នគរបាល ថារឿ (Tha Ruea) បានចូលឆែកឆេរគោលដៅក្នុងរឿងក្តីគ្រឿងញៀនមួយកន្លែង ប៉ុន្តែត្រូវបានជនសង្ស័យប្រើប្រាស់អាវុធកាំភ្លើងបាញ់ស្រោចមកលើ បណ្តាលឱ្យមន្ត្រីនគរបាល ១ រូប និងប្រជាពលរដ្ឋ ២ រូប រងរបួស សរុបមានមនុស្សរងរបួសចំនួន ៣ នាក់។

តាមសេចក្តីរាយការណ៍ចុងក្រោយ នគរបាលអាចកំណត់អត្តសញ្ញាណអ្នកបង្កហេតុបានហើយ ដែលជាបុគ្គលគោលដៅនៃការចុះឆែកឆេររបស់សមត្ថកិច្ច និងមានអាវុធកាំភ្លើងជាប់ខ្លួន។ នៅពេលសមត្ថកិច្ចចូលទៅអនុវត្តការងារ ជនសង្ស័យដឹងខ្លួនទាន់ ក៏បានដកកាំភ្លើងបាញ់មកលើសមត្ថកិច្ច បណ្តាលឱ្យលោកអនុសេនីយ៍ឯកម្នាក់ជាអនុប្រធានផ្នែកបង្ក្រាបនៃប៉ុស្តិ៍នគរបាល Tha Ruea រងរបួសត្រង់ម្រាមដៃ។ ខណៈពេលជាមួយគ្នានោះ ស្ត្រីជាប្រជាពលរដ្ឋចំនួន ២ នាក់ផ្សេងទៀត ក៏បានរងគ្រោះដោយសារគ្រាប់កាំភ្លើងដែលខ្ទាតត្រូវ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយ ដោយស្ថានភាពបច្ចុប្បន្នមានសុវត្ថិភាព។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានបាញ់ឱ្យរងរបួសត្រង់ជើងផងដែរ ប៉ុន្តែបានឆ្លៀតឱកាសដែលខ្លួនស្ទាត់ជំនាញក្នុងភូមិសាស្ត្រ រត់គេចខ្លួនចេញពីកន្លែងកើតហេតុ សំដៅទៅផ្លូវរថភ្លើងខ្សែចាស់ និងរត់ឆ្លងកាត់តំបន់ផ្សេងទៀតយ៉ាងលឿន។
នគរបាលក៏បានប្រកាសព្រមានដល់ប្រជាពលរដ្ឋក្នុងតំបន់ឃ្លងទើយ (Khlong Toei) និងតំបន់ក្បែរខាង ប្រសិនបើឃើញបុរសសង្ស័យដែលមានស្នាមរបួសត្រូវគ្រាប់កាំភ្លើងត្រង់ជើង ឬមានឥរិយាបថគួរឱ្យសង្ស័យ សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

គ្រឿងញៀន និងអាវុធ ត្រូវបានដាក់លក់ក៏ដូចជាចែកចាយយ៉ាងអនាធិបតេ្យនៅក្នុងប្រទេសថៃ ដោយធ្លាប់មានសារព័ត៌មានបរទេសធ្លាប់បានទៅសម្ភាសន៍ពលរដ្ឋរស់នៅតំបន់អាណាធិបតេ្យថៃ មានទាំងចាស់និងក្មេង សុទ្ធតែបានប្រើប្រាស់និងជួញដូរគ្រឿងញៀន ខណៈដែលប្រទេសនេះក៏ជាប់ឈ្មោះជាប្រទេសដែលមានអត្រាកាន់កាប់អាវុធខ្ពស់ជាងគេមួយនៅអាស៊ីអាគ្នេយ៍ផងដែរ ដោយសារតែអ្នកទិញ អាចទិញអាវុធពីជាងធ្វើអាវុធក្នុងស្រុកក្នុងតម្លៃទាប និងអាចរកទិញនិងលក់ក្នុងទីផ្សារងងឹតបានយ៉ាងស្រួល៕

ប្រភព៖ Khaosod

Share.