រយៈពេលជិត ២០ថ្ងៃហើយ ដែលទាហានឈ្លានពានទឹកដីសៀមបានបើកការវាយប្រហារមកលើដែនអធិបតេយ្យភាពជាតិកម្ពុជា ពោលគឺចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតមកទល់នឹងថ្ងៃទី២៦ ខែធ្នូ។ ការឈ្លានពានរបស់យោធាថៃ បានបង្កឱ្យមានសោកនាដកម្មស្លាប់និងរបួសពលរដ្ឋស្លូតត្រង់និងបង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគារ សាលារៀន អគារដ្ឋបាល និងបណ្ដាលឱ្យពលរដ្ឋភៀសសឹកកម្ពុជាត្រូវចាកចេញពីផ្ទះសំបែងជាងកន្លះលាននាក់។

ការព្រាត់ប្រាស់ និងឃ្លាតចាកផ្ទះសំបែង មិនមែនមានតែភាគីកម្ពុជាឡើយ ពលរដ្ឋថៃឯណោះក៏មានប្រជាជនត្រូវបានបញ្ជាឱ្យជំលៀសចេញពីផ្ទះសម្បែង ចោលរបស់ទ្រព្យផងដែរ រហូតមានសំឡេងដង្ហើយពីប្រជាជនដែលជាអ្នកភៀសសឹកថៃ សុំឱ្យមានសន្តិភាពកើតឡើងវិញរវាងព្រំដែនទាំងពីរ។

ត្បិតថាមានពលរដ្ឋថៃជ្រុលនិយមខ្លះ បានជឿងប់ងល់នឹងកលល្បិចសង្គ្រាមដែលមេយោធាថៃបង្កើតដើម្បីយកប្រជាប្រិយភាព និងរក្សាអំណាចរបស់ក្រុមទ័ពឱ្យនៅស្ថិតលើកំពូលនិងជាទីគោរពស្រលាញ់របស់ពលរដ្ឋក្នុងប្រទេសថៃនោះ តែមិនសបញ្ជាក់ថា ពលរដ្ឋថៃមួយប្រទេសសុទ្ធតែអបអរសាទរនិងគាំទ្រចំពោះការវាយប្រហាររបស់កងទ័ពខ្លួនមកលើប្រទេសកម្ពុជានោះឡើយ។

កាលពីថ្ងៃទី២៥ ខែធ្នូ ដែលជាពិធិបុណ្យគ្រីសស្មាស់ ប្រចាំឆ្នាំ២០២៥ ក្រុមយុវជនថៃដែលស្រលាញ់សន្តិភាពបានជួបជុំគ្នាដើម្បីស្រែករកសន្តិភាពនៅតាមតំបន់ព្រំដែន។ តាមរយៈការបង្ហោះរបស់ផេកថៃមួយឈ្មោះ ខៃម៉េវឈីស បានបង្ហាញពីឆន្ទៈចង់ឱ្យសន្តិភាពវិលមកកាន់តំបន់ព្រំដែនកម្ពុជាថៃឡើងវិញ ដើម្បីសេចក្ដីស្ងប់សុខ និងដើម្បីរក្សាអាយុជីវិតប្រជាពលរដ្ឋទាំងសងខាង។

កម្មវិធីដែលបានរៀបចំឡើងរយៈពេល ៣ម៉ោង ចាប់ពីម៉ោង៥ កន្លះល្ងាចរហូតដល់ម៉ោង៨កន្លះយប់ ដែលមានឈ្មោះថា គ្រីសស្មាស់ហ្វ័រភីស ឬបុណ្យគ្រីស្មាសដើម្បីសន្តិភាព គឺមានការលេងតន្ត្រី និងការសរសេរសារដើម្បីសន្តិភាពនៅព្រំដែន។ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីបានប្រើប្រាស់គំនិតច្នៃប្រឌិតរបស់ខ្លួន តាមរយៈតន្ត្រី កំណាព្យ និងសិល្បៈ អំពាវនាវសុំសន្តិភាពនៅបរិវេណវិមានអនុសាវរីយ៍ជ័យជម្នះ។

នៅក្នុងឱកាសនោះដែរ ក៏មានការរៀបចំទីកន្លែងសម្រាប់ឱ្យប្រជាពលរដ្ឋចូលរួមសរសេរសារដើម្បីសន្តិភាព ដែលក្នុងនោះមានសារដូចជា៖ “WAR NEVER CHANGE PEOPLE ALWAYS DIE” ឬមានន័យជាខេមរភាសាថា (សង្គ្រាមមិនដែលផ្លាស់ប្តូរទេ មានតែមនុស្សទេដែលត្រូវស្លាប់), “បងប្អូននៅតាមព្រំដែនត្រូវតែបានត្រឡប់ទៅផ្ទះវិញ និងទទួលបានប្រាក់សំណង” ជាដើម។

ការអំពាវនាវនេះ ធ្វើឡើងព្រោះតែមកដល់ពេលនេះប្រជាពលរដ្ឋថៃដែលកំពុងភៀសសឹកចាប់ផ្ដើមរអ៊ូនិងត្អូញត្អែរថារដ្ឋាភិបាលហាក់ទុកពួកគេចោលមិនយកចិត្តទុកដាក់និងអើពើ ពួកគេរត់គេចពីផ្ទះមិនមានចំណូល ចំណែកប្រាក់សំណងក៏គ្មាន រស់នៅមជ្ឈមណ្ឌលភៀសសឹកពួកគេត្រូវការចំណាយលើការទិញសម្ភារៈខ្លះៗផងដែរ។

គួរដឹងថាកម្មវិធីគ្រីស្មាស់ដើម្បីសន្តិភាពនេះ ក្រៅពីមានការតុបតែងដើមគ្រីស្មាស់ភ្ជាប់សារស្វែងរកសន្តិភាពហើយនោះ ក៏មានក្រុមតន្ត្រីករស្ម័គ្រចិត្តឡើងច្រៀងចម្រៀងផ្លាស់ប្ដូរវេនគ្នា ព្រមទាំងការឡើងសូត្រកំណាព្យផ្សេងៗ ដើម្បីកំដរបរិយាកាសពេញមួយកម្មវិធី មុននឹងបញ្ចប់កម្មវិធីផងដែរ៕

Share.