ទោះបីជាបានចាកចេញពីកម្ពុជា ក៏ដោយក្តីប៉ុន្តែលោក Pep Muñoz អតីតគ្រូបង្វឹករបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅតែរំឮក និងលើកយកប្រទេសកម្ពុជា មកនិយាយអំពីប្រធានបទបាល់ទាត់ និងប្រជាជនកម្ពុជា ទៅកាន់ពិភពលោក ។

ក្នុងកិច្ចសន្ទាររបស់លោក Urbanpitch អ្នកសារ​សារ​ព័ត៌មានប្រចាំ URBAN PITCH របស់ប្រទេសអេស៉្បាញ ជាមួយលោក Pep Muñoz បានជជែកគ្នា​​ជុំ​វិញ​រឿងរ៉ាវបាល់ទាត់ដែលលោកធ្លាប់បានហែលឆ្លងជាច្រើនឆ្នាំ នៅប្រទេស​កម្ពុជា។

លោក Pep Muñoz បន្ត​កោត​សរសើរមិនដាច់ពីមាត់ឡើយ អំពី​ក្លិប​ស្វាយរៀង ដោយបង្ហាញចំៗមិនស្ទាក់ស្ទើរក្លិបមាន​ទាំងរចនា​សម្ពន្ធ​ដ៏​ល្អ និងមាន​ការគាំទ្ររូបលោក​ផ្ទាល់ក្នុងការដឹកនាំ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានបន្ថែមថា ក្លិបព្រះខ័នរាជស្វាយរៀង កំពុងក្លាយ​ជា​ក្លិប​លំដាប់​កំពូលធំ​មួយ​នៅ​ក្នុងអាស៊ី​អាគ្នេយ៍។

ក្រៅពីលើកឡើងយ៉ាងហូរហែលពីក្លិបដែលមានមូលដ្ឋាននៅភាគខាងកើតនៃប្រទេសកម្ពុជា បុរសវ័យ៤១ឆ្នាំ ​បាន​បន្ត​លើកឡើងពីប្រជាជនថែមទៀតផង ដោយបាននិយាយថា «ប្រជា​ជន​កម្ពុជា​ មានចិត្ត​ល្អ រួស​រាយ​រាក់ទាក់។ ខ្ញុំ​បាន​រៀន​សូត្រ​ពី​ពួក​ជាច្រើន សូម្បី​បាល់ទាត់​ក៏ពួក​គេ​អាច​នៅ​តាម​ដងផ្លូវបានផងដែរ ហើយ​ហ្វឹកហាត់​​យ៉ាង​​​ងាយស្រួល​មិនមានភាពភ័យខ្លាច»

សូមរំឭកថា លោក Pep Muñoz ធ្លាប់បានសាងស្នាដៃធំៗជាច្រើនកន្លងមកជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដោយបានជួយឱ្យឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ចំនួន២រដូវកាលជាប់គ្នា (២០២៣-២៤ និង២០២៤-២៥) និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣-២៤។

មុនចាកចេញពីកម្ពុជា លោកបន្តជួយក្រុមតំណាងកម្ពុជា ស្វាយរៀងទទួលបានជើងឯករងនៃពានរង្វាន់កម្រិតទី៣នៃទ្វីបអាស៊ី AFC Challenge League រដូវកាលឆ្នាំ២០២៤-២៥៕

Share.