គណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ី (NOC) បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយដើម្បីអញ្ជើញប្រទេសបន្ថែមដូចជា រួមទាំងប្រទេសអូស្ត្រាលី ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមមេដាយ នៅព្រឹត្តិការណ៍ ស៊ីហ្គេម ថ្មីមួយ ដែលមានឈ្មោះថា SEA Games Plus។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត CNN Indonesia។

ក្នុងនោះ ឥណ្ឌូណេស៊ី បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយដើម្បីអញ្ជើញប្រទេសបន្ថែម ដូចជា នូវែលសេឡង់ អូស្រា្តលី និងហ្វីជី ឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដែលបានកែប្រែឡើងវិញមួយដែលមានឈ្មោះថា SEA Games Plus។
គំនិតនេះត្រូវបានស្នើឡើងដោយលោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការអូឡាំពិកឥណ្ឌូនេស៊ី។ SEA Games Plus នឹងរៀបចំជាលើកដំបូងនៅប្រទេសហ្វីលីពីន នៅឆ្នាំ២០២៨ គឺមួយឆ្នាំបន្ទាប់ពីស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ាឡេស៊ី បានបញ្ចប់។

លោក Oktohari បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅទីស្នាក់ការកណ្តាល NOC កាលពីពេលថ្មីៗកនុំ្លងទៅថា «យើងកំពុងទាក់ទងជាមួយប្រទេសមួយចំនួនដើម្បីចាប់ផ្តើមពង្រីកកីឡាស៊ីហ្គេម បន្ថែមលើប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ប្រទេស ដូចជា ប៊ូតាន និងប្រទេសអូសេអានីមួយចំនួនដូចជា នូវែលហ្សេឡង់ អូស្ត្រាលី និងហ្វីជី អាចចូលរួមបាន»។
អូស្ត្រាលី និងនូវែលសេឡង់ ស្ថិតក្នុងចំណោមមហាអំណាចកីឡារបស់ពិភពលោក។ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសអូស្ត្រាលី បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងតារាងមេដាយសរុបជាមួយនឹងមេដាយមាស ចំនួន១៨ ប្រាក់ចំនួន១៩ និងសំរឹទ្ធចំនួន១៦ ដោយតាមពីក្រោយតែសហរដ្ឋអាមេរិក ចិន និងប្រទេសជប៉ុនប៉ុណ្ណោះ។ នូវែលសេឡង់ឈរនៅលេខរៀងទី១១ ដោយទទួលបានមាស ១០ ប្រាក់៧ និងសំរឹទ្ធ៣។
SEA Games Plus នឹងកំណត់គោលដៅថ្មីមួយដោយការផ្តោតខ្លាំងលើកីឡាអូឡាំពិក ទម្រង់ស៊ីហ្គេមបច្ចុប្បន្ន ត្រូវបានគេរៀបចំដោយប្រទេសម្ចាស់ផ្ទះ ផ្តល់អាទិភាពលើកីឡាដែលពួកគេមានអត្ថប្រយោជន៍។
លោក Oktohari បាននិយាយថា៖ «ម្ចាស់ផ្ទះទាំងអស់ មិនថាថៃ កម្ពុជា វៀតណាម ឬឥណ្ឌូនេស៊ី សុទ្ធតែចង់ឈរលើកំពូលតារាងមេដាយ។ ក្នុងរយៈពេលខាងមុខ ឥណ្ឌូនេស៊ី នឹងផ្តល់អាទិភាពយ៉ាងសកម្មដល់កីឡាអូឡាំពិក ដោយសារព្រឹត្តិការណ៍ពហុកីឡាទាមទារធនធានហិរញ្ញវត្ថុច្រើន»។
គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ម្ចាស់ផ្ទះថៃ ឈរនៅកំពូលតារាងដោយមានមាស២៣៣ ប្រាក់ ១៥៤ និងសំរឹទ្ធ ១០៨។ ឥណ្ឌូណេស៊ី បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ដោយមេដាយមាស៩១ ប្រាក់១១២ និងសំរឹទ្ធ១៣០។ ខណៈវៀតណាមឈរលេខ៣ មានមាស៨៧ ប្រាក់៨១ និងសំរឹទ្ធ ១១០៕


