នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ថា ការសម្រេចចិត្តអនុវត្ត «បទឈប់បាញ់» គឺជាការតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត។ ការសម្រេចចិត្តជ្រើសយកវិធីសាស្ត្រនេះ មិនមែនបញ្ជាក់ថា ជាការចុះចាញ់ ឬការយកទឹកដីទៅដូរយកសន្តិភាពនោះឡើយ ប៉ុន្តែវាគឺជាជម្រើសដ៏វៃឆ្លាតក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមផ្លូវច្បាប់អន្តរជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមាន ន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និង ការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និង ខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ ។
សម្ដេចធិបតី បន្តថា ជាការពិត, «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» មានន័យថា កងកម្លាំងទាំងសងខាង ត្រូវអនុវត្តបទឈប់បាញ់នេះ ដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួន នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ។
ក្នុងន័យនេះសម្ដេចសង្កត់ធ្ងន់ថា ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានា នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់នេះ គឺត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយភាគីទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដែលចំណុចនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ទាមទារកំណត់ច្បាស់ នៅក្នុង «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥» ។

ប្រការនេះបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃ នៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និង អនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយ ដែលមានជាធរមាន ។
មួយវិញទៀត, តាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនេះ, ក្រោយបទឈប់បាញ់ ត្រូវបានអនុវត្ត ដោយពេញលេញរយៈពេល ៧២ ម៉ោង, យោធិនកម្ពុជា ១៨ រូប ក៏នឹងត្រូវបានដោះលែងត្រលប់មកកម្ពុជាវិញផងដែរ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា បទពិសោធនៃសង្រ្គាមដ៏ឆ្អែតឆ្អន់របស់កម្ពុជា បានបង្ហាញថា សង្រ្គាមមិនអាចបញ្ចប់បានដោយសង្រ្គាមនោះទេ, ហើយមានតែការជ្រើសរើសមធ្យោបាយដោះស្រាយ ដែលផ្អែកលើច្បាប់ ប្រកបដោយសន្តិវិធី និង ការយោគយល់គ្នាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្រ្គាមបាន ព្រមទាំងអាចបញ្ចៀសបាន នូវការបាត់បង់អាយុជីវិត, ការឈឺចាប់, និង ការរងទុក្ខសោក របស់បងប្អូនប្រជាពលរដ្ឋ ៕

