ភ្នំពេញ÷ នៅវេលាម៉ោង ២១:៤០ នាទី ថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ កើតឡើងលើកំណាត់ផ្លូវបេតុងលេខ៤២ បែកចាន-បឹងធំ ភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រថយន្តម៉ាក Lexus HS250h ពណ៌ស ស្លាកលេខ ភ្នំពេញ 2AV-5755 បើកដោយបុរសម្នាក់ អាយុ ២៥ឆ្នាំ បានបើកក្នុងស្ថានភាពស្រវឹង (លទ្ធផល 1.102mg/L) និងល្បឿនលឿន ជ្រុលទៅបុករះចូលផ្ទះប្រជាពលរដ្ឋ ខណៈពេលមនុស្សកំពុងអង្គុយហូបបាយ។



ហេតុការណ៍នេះបណ្ដាលឲ្យ ស្លាប់ ៣ នាក់ប្រុស និង របួសស្រាល ២ នាក់ ខូចខាតរថយន្ត ១ គ្រឿង និងម៉ូតូ ១ គ្រឿង។ អ្នកបើកបរបានរត់គេចពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន និងប្រគល់ជូនសមត្ថកិច្ច។
កម្លាំងជំនាញបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី និងយកសម្ភារៈដែលខូចខាតទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងតាមច្បាប់៕
អត្ថបទ៖ កណ្តាល

