ខេត្តបាត់ដំបង៖ ក្នុងស្មារតីគិតគូរពីសុខទុក្ខ និងការលើកទឹកចិត្តដល់កងកម្លាំងជួរមុខ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងលោកជំទាវ ញ៉ែម សាខន បានចាត់តំណាងនាំយកអំណោយសប្បុរសធម៌ទៅប្រគល់ជូនកងកម្លាំងនគរបាលវរៈព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ប្រតិភូតំណាងដែលបាននាំយកអំណោយមកប្រគល់ដោយផ្ទាល់រួមមាន៖
- ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌។
- ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងសមាជិកប្រតិភូជាច្រើនរូបទៀត។
សម្ភារៈដែលបានឧបត្ថម្ភរួមមាន៖
- ឈុតប្រអប់បាយតេជោរាយស៍ ចំនួន ៦០០ឈុត
- ទឹកបរិសុទ្ធ ចំនួន ៤០កេស
- ទឹកដោះគោ ចំនួន ៤០កេស
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានសម្តែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដី។
លោកស្នងការបានបញ្ជាក់ថា សម្ភារៈទាំងអស់នេះនឹងត្រូវបែងចែកបន្តទៅកាន់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែនជួរមុខជាបន្ទាន់ ដើម្បីប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព៕


ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ
