ក្លិបបាល់បាត់ដំបង យូណៃធីត ជាក្រុមចុងក្រោយ ដែលឡើងទៅកាន់វគ្គថ្នាក់ជាតិ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៩ ឆ្នាំ២០២៥/២៦ ក្រោយយកឈ្នះមន្ទីរ អយក ខេត្តកំពង់ស្ពឺ ១០-០ កាលពីរសៀលថ្ងៃទី៣០ ធ្នូ ២០២៥។

ក្រោយរកឃើញក្រុមជើងឯក និងកូតា ចេញពីការប្រកួតជើងឯកថ្នាក់ខេត្តរួច គណៈកម្មការប្រកួតនឹងដំណើរការប្រកួតវគ្គជើងឯកថ្នាក់ជាតិម្តង ដែលមានក្រុមសមាជិកលីគកំពូលកម្ពុជា ១១កំពុងរង់ចាំ និងក្រុមថ្នាក់ខេត្ត ៥ក្រុមទៀត សរុប១៦ក្រុម។
ដូចនេះ សម្រាប់ក្រុមទាំង ១៦ ដែលនឹងត្រូវប្រកួតថ្នាក់ជាតិ រួមមាន៖
- ព្រះខ័នរាជស្វាយរៀង
- ភ្នំពេញក្រោន
- អង្គរថាយហ្គឺរ
- បឹងកេត
- ណាហ្គាវើលដ៍
- អឹមអូអាយ កំពង់ដេវ៉ា
- វិសខា
- កងយោធពលខេមរភូមិន្ទ
- គិរីវង់សុខសែនជ័យ
- អាយអេសអាយ ដង្កោសែនជ័យ
- ឡាយហ្វ ខេត្តព្រះសីហនុ
- មន្ទីរ អយក ខេត្តកំពង់ចាម
- ឡាយអ៊ិនឃីង ខេត្តសៀមរាប
- សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ
- ភ្នំពេញ ហ្គាឡាក់ស៊ី
- និងបាត់ដំបង យូណៃធីត។

សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៤/២៥ នេះបន្តបែងចែកជា២កម្រិត ដូចឆ្នាំកន្លងទៅដែរ ដោយក្នុងនោះ ទី១) វគ្គប្រកួតជើងឯកថ្នាក់ខេត្ត និងទី២) វគ្គប្រកួតជើងឯកថ្នាក់ជាតិ។
គួរបញ្ជាក់ថា ក្រុមមន្ទីរ អយក ខេត្តកំពង់ចាម ម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងពហុកីឡដ្ឋានជាតិ អូលាំពិក នារាត្រីថ្ងៃទី២១ ធ្នូ ២០២៥។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕


