តាមរបាយការណ៍បច្ចុប្បន្នភាពនៃគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះបន្តគ្នាជាង ៥៦ គ្រឿងលើផ្លូវល្បឿនលឿនក្នុងប្រទេសជប៉ុន ត្រូវបានដោះស្រាយ និងសម្អាតរួចរាល់ទាំងស្រុងក្នុងរយៈពេលត្រឹមតែ ៤១ ម៉ោងប៉ុណ្ណោះ។

កាលពីព្រលឹមស្រាងៗថ្ងៃទី ២៧ ខែធ្នូ កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយបានកើតឡើង ដោយមានរថយន្តបានបុករះបន្តគ្នា ៥៦ គ្រឿងនៅលើផ្លូវល្បឿនលឿន Kan-etsu ក្នុងក្រុងមីណាកាមី (Minakami) ខេត្តហ្គុនម៉ា (Gunma) ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ២ នាក់ និងរបួស ២៦ នាក់។ ហេតុការណ៍នេះបានចាប់ផ្តើមឡើងដោយសាររថយន្តដឹកទំនិញខ្នាតធំមួយគ្រឿងបានរអិល និងឈប់នៅជិតផ្លូវចេញនៃផ្លូវបំបែក​មីណាកាមី​ បន្ទាប់មករថយន្តដែលបើកមកពីក្រោយបានបុកបន្តគ្នាបណ្តាលឱ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ ប៉ូលីសបានសន្និដ្ឋានថា រថយន្តដឹកទំនិញនោះបានរអិលដោយសារទឹកកក និងព្រិល។

យោងតាមរបាយការណ៍ចុងក្រោយ ក្រុមហ៊ុន NEXCO East Japan បានប្រកាសបើកផ្លូវចរាចរណ៍ឡើងវិញរវាងផ្លូវបំបែក Tsukiyono (IC) និង Minakami នៅវេលាម៉ោង ១:០០ រសៀល ថ្ងៃទី ២៨ ខែធ្នូ (ម៉ោងនៅជប៉ុន) ដោយបានលុបចោលរាល់ការរឹតបន្តឹងទាំងអស់ដែលបានអនុវត្តតាំងពីក្រោយពេលកើតហេតុភ្លាមៗ។ ការសម្អាតផ្លូវទាំងមូលប្រើពេលប្រហែល ៤១ ម៉ោងប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម X ជនជាតិជប៉ុនម្នាក់បានចេញមកវិភាគពីការដោះស្រាយបញ្ហាដ៏រហ័ស និងគួរឱ្យភ្ញាក់ផ្អើលនេះ។

គាត់បានលើកឡើងថា៖ មិនចង់ឱ្យបញ្ចប់ត្រឹមពាក្យថា «ជប៉ុនពូកែណាស់» អ្វីដែលគួរឱ្យកោតសរសើរបំផុតក្នុងហេតុការណ៍នេះ មិនមែនត្រឹមតែការខិតខំប្រឹងប្រែងខ្លាំងក្លានោះទេ ប៉ុន្តែគឺ «ភាពមិនស្ទាក់ស្ទើរ»។ នៅពេលមានគ្រោះថ្នាក់កម្រិតមហន្តរាយកើតឡើង អ្វីដែលស្ថាប័ននានាតែងតែជួបប្រទះបំផុតនោះគឺ «ការជាប់គាំងដោយសារចង់ឱ្យត្រឹមត្រូវតាមនីតិវិធីពេក»។

ប្រសិនបើការពិនិត្យកន្លែងកើតហេតុមិនទាន់ចប់ ក៏មិនអាចទៅមុខបន្តបាន, មិនដឹងថាអ្នកណាត្រូវទទួលខុសត្រូវ, អ្នកណាជាអ្នកសម្រេចថាត្រូវបោះចោល ឬប្រគល់រថយន្តដែលខូចខាតឱ្យម្ចាស់វិញ, តើត្រូវយករថយន្តដែលមានសារធាតុគ្រោះថ្នាក់ទៅទុកនៅឯណា ឬត្រូវរកអ្នកមកជួសជុលផ្លូវនៅពេលណា? សំណួរទាំងនេះសុទ្ធតែសមហេតុផលបំផុត ហើយគ្រាន់តែសំណួរណាមួយក្នុងចំណោមនេះ ក៏អាចធ្វើឱ្យប្រព័ន្ធការងារទាំងមូលគាំងបានយ៉ាងងាយដែរ។ ប៉ុន្តែលើកនេះ រឿងទាំងនោះមិនបានកើតឡើងឡើយ។

នេះគឺជាការគ្រប់គ្រងស្ថានភាពវិបត្តិ (Crisis Management) កម្រិតកំពូល ដែលធ្វើឱ្យជប៉ុនអាចបញ្ចៀសការរាំងស្ទះ និងរំដោះផ្លូវល្បឿនលឿនយកមកប្រើប្រាស់ជាធម្មតាវិញ ត្រឹមតែរយៈពេល៤១ម៉ោង៖

១. ការសម្របសម្រួលរវាងអង្គភាពមិនមានការរអាក់រអួល ព្រោះមិនប្រកាន់ «ឋានានុក្រម» រឿងនេះពាក់ព័ន្ធទាំងប៉ូលីស, អង្គភាពពន្លត់អគ្គិភ័យ, អាជ្ញាធរមូលដ្ឋាន, ក្រុមហ៊ុនអូសឡាន, ក្រុមហ៊ុនសំណង់ និងម្ចាស់ដី។ ជាធម្មតា ប្រសិនបើមានមនុស្សស្លាប់ ការងារទាំងអស់អាចនឹងត្រូវបង្កកទុក ដើម្បីរង់ចាំការសម្រេចចិត្តពីប៉ូលីសសិន។ ប៉ុន្តែជាក់ស្តែង ការពិនិត្យ ការផ្លាស់ទី ការសម្របសម្រួល និងការត្រៀមលក្ខណៈផ្សេងៗបានដំណើរការទៅទន្ទឹមគ្នា។ នេះមិនមែនមកពីមន្ត្រីនៅទីតាំងផ្ទាល់ខំធ្វើលើសតួនាទីនោះទេ ប៉ុន្តែដោយសារប្រព័ន្ធបញ្ជាត្រូវបានរចនាឡើងមិនឱ្យមានការរង់ចាំតាមលំដាប់លំដោយតាំងពីដំបូងមកម្ល៉េះ។

២. ការសម្រេចចិត្តលើកម្ទេចកម្ទីខ្មោចរថយន្តបានយ៉ាងរហ័ស រថយន្តដែលរងការឆេះមិនមែនសុទ្ធតែជាភស្តុតាងក្នុងរឿងក្តីទាំងអស់នោះទេ។ ប្រសិនបើគិតពីហានិភ័យនៃបញ្ហាដែលកើតឡើងនៅពេលក្រោយ ប្រាកដជាគ្មានអ្នកណាហ៊ាននិយាយងាយៗថា «បោះចោលទៅ» នោះទេ។ ប្រសិនបើការសម្រេចចិត្តត្រង់ចំណុចនេះជាប់គាំង រថយន្តទាំងនោះនឹងនៅតែបន្តរាំងស្ទះផ្លូវ។ ការដែលវាមិនជាប់គាំង គឺដោយសារមានការកំណត់ច្បាស់លាស់ថា តើអ្នកណាអាចសម្រេចចិត្តបាន ក្រោមលក្ខខណ្ឌអ្វីខ្លះ ដោយមិនមែនផ្អែកលើតែឯកសារប៉ុណ្ណោះទេ ប៉ុន្តែផ្អែកលើអំណាចតួនាទី និងបទដ្ឋានដែលធ្លាប់មានពីមុនមក។

ក្រៅពីនេះ ការពិចារណាទីតាំងសម្រាប់ផ្ទុកខ្មោចរថយន្តដែលមានហានិភ័យលេចធ្លាយសារធាតុគ្រោះថ្នាក់ ក៏មិនមានបញ្ហាដែរ។ រថយន្តដែលឆេះអស់មិនមែនត្រឹមតែជាកម្ទេចដែកឡើយ ប៉ុន្តែនៅមានឥន្ធនៈ ប្រេង អាគុយ និងទំនិញដែលដឹកមកជាមួយ។ ប្រសិនបើជ្រើសរើសទីតាំងខុស វាអាចបង្កជាគ្រោះថ្នាក់ស្ទួន ឬបញ្ហាបរិស្ថាន។ អ្វីដែលសំខាន់បំផុត មិនមែនជាការរកមើលថា «តើយកទៅទុកនៅឯណាទើបល្អបំផុត» នោះទេ ប៉ុន្តែគឺការឆ្លើយឱ្យបានភ្លាមៗថា «នៅក្នុងពេលនេះ កណ្តាលអធ្រាត្រ និងក្នុងបរិមាណច្រើនបែបនេះ តើកន្លែងណាអាចទទួលយកបាន?»។

សម្រាប់រឿងនេះវាមិនមានសៀវភៅណែនាំចំៗនោះទេ ប៉ុន្តែអ្វីដែលមានគឺបទពិសោធន៍កន្លងមក ទំនាក់ទំនងជាមួយម្ចាស់ដីដែលធ្លាប់ផ្តល់កិច្ចសហការ និងសហគ្រិនដែលអាចទទួលការងារនៅពេលយប់បាន។ ទាំងអស់នេះគឺបានមកពី ការសន្សំទុកនូវបទពិសោធន៍ និងបណ្តាញទំនាក់ទំនង យ៉ាងរឹងមាំរបស់មនុស្សយើងផងដែរ។

កត្តាដូចបានរៀបរាប់នេះហើយ ទើបធ្វើឱ្យជប៉ុនអាចដោះស្រាយវិបត្តិដ៏ធំដោយប្រើពេលត្រឹមតែ៤១ម៉ោងប៉ុណ្ណោះ ថែមទាំងមិនប៉ះពាល់ដល់ដំណើរការងារផ្សេងៗផងដែរ៕

Share.