ព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ត្រូវនឹងថ្ងៃចុងក្រោយនៃឆ្នាំនេះ បរិយាកាសនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានក្លាយជាផ្ទាំងទស្សនីយភាពដ៏រំភើប និងកក់ក្តៅបំផុត នៅពេលដែលវីរយុទ្ធជនកម្ពុជាទាំង ១៨ រូប ដែលត្រូវបានភាគីថៃឃាត់ខ្លួនអស់រយៈពេល ១៥៥ ថ្ងៃមកនោះ បានធ្វើដំណើរមកដល់ទឹកដីមាតុភូមិវិញដោយសុវត្ថិភាព ប្រកបដោយស្នាមញញឹម និងមោទនភាពជាតិ។

ចាប់តាំងពីព្រលឹមស្រាងៗរហូតដល់វេលាម៉ោង ១០:២០ នាទីព្រឹក គេសង្កេតឃើញវត្តមានប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនកុះករ បានមកជួបជុំគ្នានៅបរិវេណច្រកទ្វារព្រំដែន។ ក្នុងទឹកមុខពោរពេញដោយក្តីត្រេកអរ អ្នកខ្លះបានស្រក់ទឹកភ្នែកដោយក្តីរំភើប នៅពេលបានឃើញវត្តមានវីរយុទ្ធជនទាំង ១៨ រូប បង្ហាញខ្លួនជាបណ្តើរៗនៅលើទឹកដីកម្ពុជា។ សម្លេងស្រែកបន្ទរជ័យចេញពីក្រអៅដួងចិត្ត និងការលើកដៃសំពះសួរសុខទុក្ខ និងខ្លះបានលុតជង្គង់វរណា នាបរិវេណច្រកទ្វារ ឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងដែលបានលះបង់ដើម្បីការពារបូរណភាពទឹកដី។

ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ កម្លាំងសមត្ថកិច្ចនគរបាលជាតិបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការសម្រួលចរាចរណ៍ និងការពារសន្តិសុខ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងធានាថាដំណើររបស់វីរយុទ្ធជនឆ្ពោះទៅកាន់រាជធានីភ្នំពេញ មិនមានការរាំងស្ទះបន្ទាប់ពីកងកម្លាំងកម្ពុជាទាំងអស់ចេញទៅទទួលបានការពិនិត្យសុខភាពជាបឋម។

ការវិលត្រឡប់របស់វីរយុទ្ធជននាពេលនេះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាផ្លែផ្កានៃជ័យជម្នះផ្នែកការទូតដ៏ស្វិតស្វាញរបស់កម្ពុជាលើឆាកអន្តរជាតិ។ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានប្រើប្រាស់យុទ្ធសាស្ត្រ “ស្ងៀមតែមិនស្ងាត់” ដោយប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងការចរចាដោយសន្តិវិធីជាចម្បង។

តួអង្គដ៏សំខាន់ដែលបានជំរុញកិច្ចការនេះឱ្យសម្រេចបានជោគជ័យ គឺ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រមុខមេទ័ពការទូតដែលបានខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតយ៉ាងស្ងប់ស្ងាត់ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បំផុត រហូតឈានដល់ការដោះលែងកងកម្លាំងយើងឱ្យមានសេរីភាពឡើងវិញ។

ស្នាមញញឹម និងការលើកដៃសំពះតបទៅកាន់ប្រជាពលរដ្ឋវិញពីសំណាក់វីរយុទ្ធជនទាំង ១៨ រូប បានបង្ហាញយ៉ាងច្បាស់ពីស្មារតីរឹងមាំ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ទាប់ពីការសម្រាក និងពិនិត្យសុខភាព កងកម្លាំងទាំងអស់នឹងត្រូវធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ មុននឹងបន្តដំណើរចេញទៅជួបជុំគ្រួសារ។

ព្រឹត្តិការណ៍នេះ បានក្លាយជាកាដូឆ្នាំថ្មីដ៏មានតម្លៃបំផុតនាចុងឆ្នាំ ២០២៥ សម្រាប់ប្រជាជាតិខ្មែរទាំងមូល និងជាសក្ខីភាពបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលស្រឡាញ់សន្តិភាព ប៉ុន្តែដាច់ខាតមិនបោះបង់ចោលប្រជាជន និងវីរយុទ្ធជនរបស់ខ្លួនឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕

Share.