រាត្រីឆ្លងឆ្នាំសកល អាចចាត់ទុកថាគឺជាពេលវេលាមួយដ៏មានក្ដីសុខបំផុត និងអស្ចារ្យបំផុត ដែលមនុស្សជុំវិញពិភពលោកតែងតែទន្ទឹងរង់ចាំ មិនថានៅក្នុងវ័យណា ឬរស់នៅទីកន្លែងណានោះទេ ព្រោះអាចជាវេលាមួយដែលសមាជិកគ្រួសារ មិនថារវល់ការងារដោយប្រការណាមួយនោះទេ ប្រាកដជាវិលមកជួបជុំគ្នាដើម្បីឆ្លងឆ្នជុំគ្នាដោយក្ដីរីករាយ។ ប៉ុន្តែ តើលោកអ្នកមានដឹងទេថា តើប្រទេសណាជាកន្លែងដំបូងគេ និងចុងក្រោយគេដែលបានអបអរថ្ងៃដំបូងឈានចូលឆ្នាំ ២០២៦?


ទីកន្លែងដំបូងគេដែលឆ្លងចូលឆ្នាំថ្មី ឆ្នាំ២០២៦ និងបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកលមុនគឺ កោះគីរីទីម៉ាទី (Kiritimati) ដែលជាផ្នែកមួយនៃសាធារណរដ្ឋគីរីបាទី (Kiribati)។ តំបន់តូចមួយនេះ ក៏ត្រូវបានគេស្គាល់ថាជា “កោះគ្រីស្មាស” (Christmas Island) ដែលស្ថិតនៅក្នុងតំបន់ម៉ោងលឿនបំផុតនៅលើពិភពលោក។ វាមានម៉ោងលឿនជាងទីក្រុងញូវយ៉កដល់ទៅ ១៩ ម៉ោង និងលឿនជាងប្រទេសកម្ពុជាយើង ៧ ម៉ោង។
នៅពេលកោះគីរីទីម៉ាទី ឈានចូលពាក់កណ្តាលអធ្រាត្រនៃថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ ជាផ្លូវការ ម៉ោងក្នុងទីក្រុងញូវយ៉ក ទើបតែម៉ោង ៦ ព្រឹក ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ប៉ុណ្ណោះ។
លំដាប់លំដោយនៃប្រទេសដែលឆ្លងឆ្នាំបន្ទាប់មក៖
កោះឆាតថាំ (Chatham Islands) ប្រទេសនូវែលសេឡង់៖ ឆ្លងឆ្នាំថ្មីនៅវេលាម៉ោងប្រហែល ៥:១៥ ល្ងាច (ម៉ោងនៅប្រទេសកម្ពុជា)។
ប្រទេសនូវែលសេឡង់៖ នៅវេលាម៉ោងប្រហែល ៦:០០ ល្ងាច (ម៉ោងនៅប្រទេសកម្ពុជា)។
ប្រទេសអូស្ត្រាលី៖ ចន្លោះម៉ោង ៨:០០ ដល់ ៩:៣០ យប់ (អាស្រ័យតាមទីក្រុងនីមួយៗ)។
ប្រទេសជប៉ុន និងកូរ៉េខាងត្បូង៖ ដែលមានម៉ោងលឿនជាងប្រទេសថៃ ២ ម៉ោង នឹងឆ្លងឆ្នាំនៅម៉ោង ១០:០០ យប់ (ម៉ោងនៅប្រទេសកម្ពុជា)។

សម្រាប់បងប្អូនខ្មែរយើងនៅសហរដ្ឋអាមេរិកបានឆ្លងឆ្នាំឈានចូលឆ្នាំថ្មីយឺតជាងប្រទេសកម្ពុជាយើង ចន្លោះពី ១២ ទៅ ១៨ ម៉ោង (អាស្រ័យលើម៉ោងតាមតំបន់)។ ឧទាហរណ៍៖ ទីក្រុងញូវយ៉ក ដែលយឺតជាងប្រទេសកម្ពុជា ១២ ម៉ោង នឹងឆ្លងចូលឆ្នាំថ្មីចំពេលដែលប្រទេសកម្ពុជាឈានចូលដល់ម៉ោង ១២ ថ្ងៃត្រង់ នៃថ្ងៃទី ១ ខែមករា ឆ្នាំ២០២៦ ទៅហើយ។
ឥឡូវនេះយើងមកដឹងពីទីកន្លែងចុងក្រោយគេដែលបានឆ្លងចូលឆ្នាំថ្មី ឆ្នាំ២០២៦វិញម្ដង។ សម្រាប់ប្រទេស និងតំបន់ចុងក្រោយគេបង្អស់ដែលបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីគឺ កោះនីអ៊ូអេ (Niue) និង អាមេរិកាំងសាម័រ (American Samoa) ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង។ ទីកន្លែងទាំងនេះនឹងឆ្លងចូលឆ្នាំថ្មីចំនឹងម៉ោងប្រហែល ៧:០០ យប់ ថ្ងៃទី ១ ខែមករា ម៉ោងនៅប្រទេសកម្ពុជាយើង៕


