ក្រុមយោធាជ្រុលនិយមថៃ កំពុងតែមានអំនួតនិងផុសបង្អួតដើម្បីធ្វើស៊ីផ្លូវចិត្តប្រជាជនពលរដ្ឋកម្ពុជា ក្នុងចេតនាអុជអាលបង្កឱ្យកើតមានទំនាស់ផ្ទៃក្នុងកម្ពុជា ដោយបានយកកុងតឺន័រក្ដី បន្លាលួសក្ដី មកព័ទ្ធដីខ្មែរ ដោយបានថែមទាំងយកទង់ជាតិថៃ មកបង្ហូតផងនោះ ក៏ដើម្បីបង្ហាញពីជោគជ័យរបស់ខ្លួនប្រាប់ទៅកាន់ពលរដ្ឋថៃ ដែលជឿងប់លើពាក្យឃោសនារបស់កងទ័ពថៃ ដើម្បីកេងចំណេញប្រជាប្រិយភាព ឈានឆ្ពោះទៅរកការទទួលបានផលប្រយោជន៍ច្រើនមហាសាលនោះគឺការអនុម័តកញ្ចប់ថវិកាការពារជាតិ ពិសេសសម្រាប់កងទ័ពកាន់តែច្រើនជាងមុនថែមទៀតនាពេលអនាគត។


យ៉ាងណាមិញមិនមែនគ្រប់ប្រជាពលរដ្ឋថៃ និងអ្នកបញ្ញវន្តថៃទាំងអស់សុទ្ធតែមិនមានការត្រិះរិះពិចារណា ឬស្ដាប់តែលើការបំប៉ោងព័ត៌មានពីជ័យជំនះរបស់កងទ័ពថៃ ដែលបានកំពុងតែបំពានឈ្លានពានលើកម្ពុជានោះឡើយ ក្នុងនោះឃើញមានសាស្ត្រាចារ្យថៃមួយរូប ដែលជាបុគ្គលមានចំណេះដឹងនិងស្គាល់ប្រវត្តិសាស្ត្រជ្រៅជ្រះ គឺលោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ Samrith Leuchai (សាមរិត លឺឆ័យ) បានចេញមកពន្យល់ដល់ប្រជាពលរដ្ឋថៃ ក៏ដូចជាណែនាំដល់យោធាថៃ ចំពោះអ្វីដែលពួកគេកំពុងតែយល់ច្រឡំធំថា នោះគឺជាជ័យជំនះ។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យបញ្ចេញទស្សនៈដោយភ្ជាប់ជាមួយរូបភាពក្រុមយោធាថៃ ថតជុំគ្នាមុខប្រាង្គប្រាសាទខ្មែរយើងដោយមានដោតទង់ជាតិថៃថា៖
ថ្ងៃនេះ អ្នកប្រហែលជាមានមោទនភាព ដែលអាចដណ្ដើមយកប្រាសាទតាមាន់ធំ ហើយយកទង់ជាតិទៅដោតនៅលើតួប្រាសាទ… ចុះយ៉ាងណាទៀត?
នៅពេលដែលការបោះឆ្នោតកន្លងផុតទៅ រដ្ឋាភិបាលថៃ មិនថាគណបក្សណាក្លាយជាអ្នកដឹកនាំនោះទេ ក៏ត្រូវតែត្រឡប់ទៅចរចាលើបញ្ហាព្រំដែនជាមួយកម្ពុជាវិញដដែល។ នោះមានន័យថា នៅទីបញ្ចប់ យើងត្រូវតែពិនិត្យមើលថា តើផែនទីព្រំដែនដែលជាភស្តុតាងតាមច្បាប់អន្តរជាតិ បានកំណត់ថាខ្សែបន្ទាត់ព្រំដែនស្ថិតនៅកន្លែងណា។ ព្រំដែន មិនមែនស្ថិតនៅលើកន្លែងដែលទាហានទៅដណ្ដើមយកបាននៅពេលនេះនោះទេ។
ហើយតើពួកអ្នកដែលគាំទ្រយោធាដឹងទេថា តាមផែនទីនោះ ខ្សែបន្ទាត់ព្រំដែនពិតប្រាកដស្ថិតនៅត្រង់ណា? បើមានពេលទំនេរ សាកល្បងស្រាវជ្រាវមើលទៅ នោះអ្នកនឹងដឹង។


បណ្ដាប្រទេសនៅអឺរ៉ុប គឺជាអ្នកបង្កើតប្រភពនៃព្រំដែនតាមផែនទី ហើយប្រទេសនៅអឺរ៉ុបទាំងនោះ ក៏ធ្លាប់បានធ្វើសង្គ្រាមដណ្តើមព្រំដែនគ្នាអស់រយៈពេលយ៉ាងយូរមកហើយដែរ។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ ពួកគេបានឈានរំលងបញ្ហាព្រំដែនរដ្ឋជាតិអស់ទៅហើយ។ ព្រំដែននៅតែមាន ប៉ុន្តែវាមិនមែនជាបញ្ហាទៀតទេ។ កន្លែងណាដែលបែងចែកគ្នាបាន ពួកគេក៏បែងចែកទៅ។ ចំណែកកន្លែងណាដែលជាតំបន់ត្រួតស៊ីគ្នា ហើយមិនអាចបែងចែកដាច់ពីគ្នាបាន ពួកគេក៏រៀបចំឱ្យទៅជា “តំបន់អភិវឌ្ឍន៍រួមគ្នា” (Joint Development Area)។
យើង និងកម្ពុជា នៅតែមិនទាន់អាចឈានរំលងបញ្ហាព្រំដែនតាមផែនទីនៅឡើយទេ ហើយភាគីទាំងសងខាង តែងតែយកបញ្ហានេះមកប្រើប្រាស់ដើម្បីផលប្រយោជន៍នយោបាយ។ អ្នកដែលរងគ្រោះពិតប្រាកដ គឺទាហានដែលឈរជើងនៅជួរមុខ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន និងសេដ្ឋកិច្ចរបស់ជាតិ។
សូមមេត្តាយល់ដល់សន្តិភាព កុំធ្វើសង្គ្រាមដាក់គ្នាទៀតអី។ ព្រោះទោះបីជាធ្វើសង្គ្រាមខ្លាំងក្លាប៉ុណ្ណាក៏ដោយ នៅទីបញ្ចប់ ក៏ត្រូវតែងាកមករកតុចរចាវិញដដែល។ រូបភាពទាំងនេះ គង់តែនឹងក្លាយជាអតីតកាលដែលកន្លងហួសទៅប៉ុណ្ណោះ។


សង្ឃឹមថានឹងមានអ្នកដែលចេះដឹង និងយល់ច្បាស់ពីប្រវត្តិសាស្ត្រដូចជាលោកសាស្ត្រាចារ្យ សមរិត កាន់តែច្រើនហ៊ានចេញមកនិយាយការពិតដើម្បីដាស់ស្មារតីពលរដ្ឋថៃមួយចំនួនដែលកំពុងតែវង្វេងវង្វាន់ដោយសារតែការផ្ដល់ព័ត៌មានមិនពិតរហូតក្លាយទៅជាការខឹងស្អប់ជាតិសាសន៍រវាងកម្ពុជានិងថៃ ឱ្យភ្ញាក់ស្មារតីឡើងវិញ ព្រោះកន្លងមកពលរដ្ឋទាំងសងខាងព្រំដែន រស់នៅ ប្រាស្រ័យទាក់ទង ផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញមកប្រកបដោយភាពសុខុមរមនា មិនដែលមានភាពល្អក់កករនោះឡើយ៕

