មន្ត្រីប៉ូលីសនៃប៉ុស្តិ៍នគរបាលក្រុងឧត្តរធានី បានទទួលសេចក្តីរាយការណ៍ពីបុគ្គលិកនៅស្ថានីយដឹកជញ្ជូនអ្នកដំណើរទី១ ថាមានព្រះសង្ឃមួយអង្គមានឥរិយាបថបង្កភាពវឹកវរ ស្រែកឡូឡា ហាក់ដូចជាស្ថិតក្នុងស្ថានភាពស្រវឹង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់សេវាកម្មនៅទីនោះ។ បន្ទាប់ពីទទួលបានដំណឹង កម្លាំងសមត្ថកិច្ចក៏បានចុះទៅពិនិត្យភ្លាមៗ។

នៅពេលទៅដល់ សមត្ថកិច្ចបានរកឃើញព្រះសង្ឃមួយអង្គដែលមានអាការៈនិយាយមិនច្បាស់លាស់ និងឌឺដងដាក់សមត្ថកិច្ច ហាក់ដូចជាស្រវឹងស្រាខ្លាំង។ បន្ទាប់មក ប៉ូលីសបានឃាត់ខ្លួនបញ្ជូនឡើងរថយន្តដើម្បីធ្វើកំណត់ហេតុ និងនាំទៅធ្វើពិធីសឹកនៅវត្តមជ្ឈិមាវាស។ ព្រះសង្ឃអង្គនោះមានឈ្មោះថា ព្រះភិក្ខុ សុពុច ផាសុកោ អាយុ ៥៥ ឆ្នាំ មកពីវត្តព្រៃសន្តិសុខវនារាម ស្រុកប៉ាកឆុម ខេត្តឡឺយ។

ព្រះភិក្ខុ សុពច បានអះអាងថា ព្រះអង្គគឺជាព្រះសង្ឃប្រតិបត្តិដែលធ្វើដំណើរមកពីស្រុកភិបូនរក្ស ខេត្តឧត្តរធានី ដោយបញ្ជាក់ថាមានលិខិតបញ្ជាក់ត្រឹមត្រូវ មិនមែនជាសង្ឃក្លែងក្លាយទេ ហើយបានបួសរៀនអស់រយៈពេល ៨ ឆ្នាំ ៨ ខែ និង ៨ ថ្ងៃមកហើយ។ ព្រះអង្គគ្រោងនឹងធ្វើដំណើរទៅរកអ្នកស្គាល់គ្នានៅវត្តក្បែរនោះ។

នៅពេលអ្នកសារព័ត៌មានសួរថា តើបានឆាន់គ្រឿងស្រវឹងដែរឬទេ? កាលពីដំបូង ព្រះអង្គបានបដិសេធ ដោយអះអាងថាឆាន់តែទឹកធម្មតាទេ ហើយមូលហេតុដែលនិយាយមិនច្បាស់ គឺមកពីការឈឺចាប់ចិត្តចំពោះរូបភាពអវិជ្ជមានក្នុងមជ្ឈដ្ឋានសង្ឃនាពេលបច្ចុប្បន្ន។ ប៉ុន្តែ ភ្លាមៗនោះ ស្រាប់តែព្រះអង្គបានក្តាប់ដៃបម្រុងនឹងដាល់មុខអ្នកសារព័ត៌មាន និងជេរប្រមាថមកលើកាមេរ៉ាថែមទៀតផង។

បន្ទាប់ពីបញ្ជូនទៅដល់ប៉ុស្តិ៍ប៉ូលីស ព្រះភិក្ខុ សុពុច ក៏បានទទួលស្គាល់ថាខ្លួនពិតជាបានផឹកស្រាមែន ដោយសារមានជម្លោះជាមួយមិត្តភក្តិដែលជាសមាជិកក្រុមប្រឹក្សាឃុំ ក៏កើតចិត្តខឹង រួចផឹកស្រាជាច្រើនកន្លែងមុននឹងមកដល់ស្ថានីយឡានក្រុង។

សេចក្តីរាយការណ៍បន្ថែមបានឱ្យដឹងថា ខណៈពេលដែលសមត្ថកិច្ចនាំខ្លួនទៅធ្វើពិធីសឹក ព្រះសង្ឃអង្គនោះនៅតែមិនព្រមសឹក និងមានអាការៈស្រវឹងខ្លាំងរហូតដេកដួលនៅចំពោះមុខព្រះចៅអធិការវត្តមជ្ឈិមាវាស។ ជាចុងក្រោយ មន្ត្រីប៉ូលីសក៏បានសម្រេចចិត្តជួយដោះស្បង់ចីវរចេញ រួចស្លៀកសម្លៀកបំពាក់ធម្មតាឱ្យ ដើម្បីក្លាយជាគ្រហស្ថ មុននឹងបញ្ជូនខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ពីបទ “បង្កភាពវឹកវរក្នុងទីសាធារណៈ” នៅប៉ុស្តិ៍នគរបាលក្រុងឧត្តរធានី។

Share.