កណ្តាល៖ មនុស្សប្រុស ស្រី និងកុមារ សរុបចំនួន ១០នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ៣គ្រឿង បុកគ្នា នៅវេលាម៉ោង ២១:២០នាទី ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
តាមសមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់នេះបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន ០៣នាក់ និងរងរបួសស្រាលចំនួន ០៧នាក់ ព្រមទាំងបណ្ដាលឲ្យរថយន្តចំនួន ០៣គ្រឿង ខូចខាតយ៉ាងដំណំ។



មុនពេលកើតហេតុ រថយន្តម៉ាក HYUNDAI Starex ពណ៌ទឹកប្រាក់ បានបើកបរពីជើងទៅត្បូង និងបានវ៉ាជែងរថយន្តនៅខាងមុខ បណ្ដាលឲ្យបុកជាមួយរថយន្តម៉ាក TOYOTA CAMRY ដែលបើកបរពីត្បូងទៅជើង។ បន្ទាប់មក រថយន្ត TOYOTA CAMRY បានខ្ទាតទៅបុកបន្ថែមជាមួយរថយន្ត HYUNDAI ដឹកទំនិញ ដែលកំពុងបើកបរនៅលើផ្លូវដូចគ្នា។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ វាស់វែងកន្លែងកើតហេតុ និងយករថយន្តពាក់ព័ន្ធទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ខណៈដែលអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ការសន្និដ្ឋានបឋម សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្ដាលមកពីការវ៉ាជែងខ្វះការប្រុងប្រយ័ត្ន និងមានការធ្វេសប្រហែសពីអ្នកបើកបររថយន្ត HYUNDAI Starex។
អត្ថបទ៖កណ្តាល

