ភ្នំពេញ៖ ដើម្បីឱ្យការបង្រ្កាបបទល្មើសគ្រឿងញៀនកាន់តែមានប្រសិទ្ធភាពជាងមុនបន្ថែមទៀត នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងកំណត់ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ នាយការិយាល័យទាំង១១ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារកន្លងមក និងពិភាក្សាលើវិធានការបង្កើនប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានលើកឡើងថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ និងបទបញ្ជា ០១ បប របស់រាជរដ្ឋាភិបាល គឺជាគោលដៅសំខាន់ ក្នុងការចង្អុលទិសអនុវត្តភារកិច្ចប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេស។

ឯកឧត្តមបានជំរុញឲ្យកងកម្លាំងអនុវត្តច្បាប់ បន្តអនុវត្តការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ និងច្បាប់ជាធរមាន ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀននៅកម្ពុជា៕

អត្ថបទ៖ចតុម្មុខ

Share.